បន្ទាប់ពីផ្អាកដំណើរការមួយរយៈកន្លងមក ដែលជាការឆ្លើយតបទៅនឹងការព្រួយបារម្ភពាក់ព័ន្ធនឹងការផ្ទុះវីរុសកូរ៉ូណា ពេលនេះហាងរបស់ក្រុមហ៊ុន Apple ចំនួន5 នៅទីក្រុងប៉េកាំង បានសម្រេចបើកធ្វើអាជីវកម្មឡើងវិញ តែកាត់បន្ថយម៉ោងធ្វើការ ពី 12ម៉ោងមកនៅត្រឹមតែ 7ម៉ោងប៉ុណ្ណោះក្នុង 1ថ្ងៃ។
ជាទូទៅ ម៉ោងបម្រើការ គឺចាប់បើកពីម៉ោង 10ព្រឹកដល់ម៉ោង 10យប់ តែឥឡូវមកចាប់ផ្តើមពីម៉ោង 11ព្រឹកដល់ម៉ោង 6ល្ងាចវិញ។ ក្រុមហ៊ុន Apple បានសម្រេចបើកដំណើរការហាងលក់ Apple Store មួយចំនួនធំនៅឯប្រទេសចិនតាំងពីថ្ងៃទី14 កុម្ភៈ ឆ្នាំ2020 នេះវិញហើយ។
ក្រុមហ៊ុន Apple ក៏នៅតែទទូចឱ្យមានការចូលរួមសហការពីអតិថិជន ដោយបានអំពាវនាវឱ្យប្រើប្រាស់ម៉ាស់នៅពេលពួកគេមកកាន់ហាងលក់ និងយល់ព្រមឱ្យបុគ្គលិកធ្វើការវាស់សីតុណ្ហភាពរាងកាយ។ គិតត្រឹមល្ងាចថ្ងៃទី18កុម្ភៈ ឆ្នាំ2020 ករណីអ្នកឆ្លងវីរុសកូរ៉ូណានៅទូទាំងពិភពលោក បានកើនឡើងដល់ 73,335នាក់ និងតួលេខអ្នកស្លាប់បានកើនដល់ 1,873នាក់ហើយ៕
ប្រភព៖ សារព័ត៌មានបរទេស