ចូលដល់ខែកុម្ភៈ ជាខែនៃក្ដីស្រឡាញ់ពោរពេញទៅដោយពណ៌ផ្កាឈូក។ អ្នកកំពុងតែមានផែនការ និងកំពុងស្វែងរកទីកន្លែងសម្រាក ស្វែងរកតំបន់ទេសចរណ៍នានាក្នុងថ្ងៃសំខាន់នោះហើយមែនទេ? អ្នកអាចពិចារណាទីកន្លែងស្អាតៗទាំង7កន្លែងជាមួយ ឡារ៉ែន ក្នុងទំព័រដំណើរកម្សាន្តនេះបាន។ ជឿជាក់ថា កន្លែងខ្លះលោកអ្នកប្រាកដជាធ្លាប់ស្គាល់ និងមានកន្លែងខ្លះក៏ថ្មីប្លែកសម្រាប់គូស្នេហ៍ ដែលចង់ផ្ដិតយករូបភាពស្រស់ត្រកាលជាមួយនឹងធម្មជាតិហើយ។ ដើម្បីកុំឱ្យខាតពេលយូរ តោះទៅស្គាល់ទីតាំងទាំងអស់នោះទាំងអស់គ្នា៖
1. Jimbaran, Bali ប្រទេសឥណ្ឌូនេស៊ី
Jimbaran ជាឆ្នេរមួយក្នុងចំណោមឆ្នេរខ្សាច់ដែលល្បីជាងគេនៅកោះបាលី។ ប្រទេសឥណ្ឌូនេស៊ី ក្រៅពីមានឆ្នេរខ្សាច់ពណ៌ស ជាមួយនឹងសមុទ្រថ្លាអាចមុជទឹកលេងយ៉ាងសប្បាយរីករាយហើយ ក៏មានភោជនីយដ្ឋានអាហារសមុទ្រជាច្រើនកន្លែងដែលមានរសជាតិឆ្ងាញ់ជាប់មាត់ទៀតផង ទាំងស្រស់ៗ និងថ្មីៗតែម្ដងយកមកពីសមុទ្រ ព្រោះនៅក្បែរឆ្នេរសុទ្ធតែផ្ទះអ្នកនេសាទសមុទ្រទាំងអស់។
2. Hallstatt, ប្រទេសអូទ្រីស
Hallstatt ជាទីក្រុងបឹងស្អាតមួយ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ មានព្រះវិហារ និងផ្ទះអឺរ៉ុបបុរាណដែលត្រូវបានដាក់ដាំនៅលើភ្នំ។ ហើយកាន់តែប្លែកភ្នែកខ្លាំង Hallstatt ក៏ទីតាំងទេសចរណ៍ហ៊ុំព័ទ្ធជុំវិញដោយភ្នំខ្ពស់ៗ ធ្វើឱ្យលោកអ្នកមានអារម្មណ៍ថា កំពុងនៅចំកណ្តាលនៃលំហដែលពេញដោយបរិយាកាសស្នេហា ដូចផ្ដិតចេញពីក្នុងរឿងនិទានពិតៗអុីចឹងដែរ។
3. Imerovigli, ប្រទេសក្រិច
ទីនេះគឺជាភូមិ Santorini ប្រពៃណីដែលមានន័យថា បណ្តុំផ្ទះទាំងអស់ត្រូវបានលាបពណ៌ស តុបតែងជាមួយដំបូលសំយ៉ាបផ្ទះមានផ្ទៃពណ៌សមុទ្រពណ៌ខៀវស្រងាត។ ហើយផ្លូវនៅក្នុងភូមិហាក់បីដូចជាតូចចង្អៀតបន្ដិច និងអាចមើលឃើញពេលថ្ងៃលិចជាមួយនឹងទេសភាពដ៏ល្អបំផុតនៃកោះ Santorini។
4. Bruges, ប្រទេសបែលហ្ស៊ិកBruges
គឺជាទីក្រុងឆ្នេរដ៏ល្បីល្បាញមួយនៅប្រទេសបែលហ្ស៊ិក។ ជាមួយនឹងបរិយាកាសមិនធ្លាប់ស្រមៃឃើញពីមុនមក ជាមួយនឹងប្រឡាយទឹកតូចបែបស្ងប់ស្ងាត់ ផ្លូវក្រាលថ្ម និងស្ថាបត្យកម្មបែបមជ្ឈិមសម័យ ដែលអាចនិយាយបានថា វាដូចជាទីក្រុងក្នុងរឿងនិទានអឺរ៉ុប ធ្វើឱ្យគូស្នេហ៍បានទៅដល់ហើយមានអារម្មណ៍ថា ដូចជាខ្លួនជាព្រះនាង និងជាព្រះអង្គម្ចាស់នៅក្នុងរឿងព្រេងនិទានដូច្នោះដែរ។
5. Marrakech, ប្រទេសម៉ារ៉ុក
Marrakech គឺជារដ្ឋធានីទេសចរណ៍នៅប្រទេសម៉ារ៉ុក។ អ្វីដែលប្លែកគឺអគារនៅទីនោះត្រូវបានកសាងឡើងតាមបែបស្ថាបត្យកម្មប្លែកភ្លែក និងលាបដោយពណ៌ទឹកក្រូច ដែលជាការកំណត់របស់រដ្ឋាភិបាល។ អ្នកស្រុកហៅវាថា ទីក្រុងពណ៌ផ្កាឈូក ឬទីក្រុងពណ៌ទឹកក្រូច។ ខណៈបានទៅលេងនៅទីក្រុង Marrakech នោះអ្នកនឹងឃើញផ្លូវតូចៗ មានអ្នកលក់របស់របរ និងអាហារនៅលើទេះសេះ ហើយក៏មានតូបតូចៗដាក់លក់គ្រឿងអលង្ការនៅទីក្រុងណវផងដែរ។
6. Prague, ប្រទេសឆែក
ជម្រើសគួរឱ្យចាប់អារម្មណ៍មួយទៀតសម្រាប់កន្លែងដ៏រ៉ូមែនទិក គឺក្រុង Prague ប្រទេសឆែក។ ទីក្រុងនេះត្រូវបានគេហៅថា ជាបេះដូងនៃតំបន់ទេសចរណ៍ប៉ែកអឺរ៉ុប។ បរិយាកាសនៅជុំវិញទីក្រុងមួយនេះគឺ ស្រស់ស្អាតនៅចំកណ្តាលភ្នំ និងពិតជាស័ក្តិសមសម្រាប់គូស្នេហ៍ ប្តីប្រពន្ធ ឬក្រុមគ្រួសារ ទៅដើរកម្សាន្ដយ៉ាងរីករាយនារដូវបុណ្យនៃក្តីស្រឡាញ់។
7. Paris, ប្រទេសបារាំង
ទីក្រុង ប៉ារីស ដែលត្រូវបានគេហៅថាជាទីក្រុងនៃក្តីស្រឡាញ់ “Tower Eiffel” ដែលជានិមិត្តរូបរបស់ប្រទេសបារាំង។ ដូច្នេះត្រូវបានគេប្រសិទ្ធនាមឱ្យវាថាជា “កន្លែងវេទមន្ត ដើម្បីប្រាប់ពីសេចក្តីស្នេហា” និងសមបំណងសម្រាប់គូស្នេហ៍ទាំងឡាយ។ គូស្វាមីភរិយាភាគច្រើនដែលមកទទួលទានអាហារពេលល្ងាចនៅលើកំពូលប៉មអេហ្វែល ជាន់ទី58 ពិតជារ៉ូម៉ែនទិកបំផុត និងអាចគយគន់ទីក្រុងយ៉ាងស្រស់ត្រកាលចម្រុះភ្លើងពណ៌ថែមទៀតផង រ៉ូមែនទិកខ្លាំងណាស់៕