ខណៈដែលការលក់ទូរស័ព្ទ iPhone មានការធានាពីក្រុមហ៊ុន Apple ធ្វើឡើងតែនៅតាមក្រុមហ៊ុនទទួលសិទ្ធិស្របច្បាប់នោះ ប៉ុន្តែនាពេលខាងមុខដ៏ខ្លីនេះ ស៊េរីផលិតផលរបស់ក្រុមហ៊ុនអាមេរិកមួយនេះ នឹងមានដាក់លក់នៅតាមហាងលក់រាយទូទាំងប្រទេសកម្ពុជា ដូចផលិតផលមកពីក្រុមហ៊ុន Samsung, LG , Huawei និងទូរស័ព្ទម៉ាកដទៃទៀតដែរ។
តាមរយៈលិខិតមួយសន្លឹកដែលចេញដោយក្រុមហ៊ុន Falcon Tech Co, ltd បានប្រកាសឱ្យដឹងថា ខ្លួនបានក្លាយជាក្រុមហ៊ុនតំណាងចែកចាយផលិតផលទាំងអស់របស់ក្រុមហ៊ុន Apple មានសិទ្ធិស្របច្បាប់សម្រាប់ប្រទេសកម្ពុជាក្នុងការបង្កើនគុណភាពសេវាកម្មជូនទៅដល់តំណាងអ្នកលក់រាយបន្តទូទាំងប្រទេស។ ក្នុងនោះ ក្រុមហ៊ុនមានអ្នកជំនាញក្នុងការបង្ហាញផលិតផល ផ្ដល់នូវចំណេះដឹង និងបំប៉ននូវយុទ្ធសាស្រ្ដការលក់ផលិតផល ដើម្បីជាប្រយោជន៍ដល់អតិថិជនមុនពេលទិញ និងក្រោយពេលទិញ។
ប្រភពសូមមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ក្រុមហ៊ុនទទូលសិទ្ធិចែកចាយខាងលើនឹងចូលមករៀបចំទីផ្សារកម្ពុជា ដោយផលិតផលចម្បងរបស់ Apple ដូចជា iPhone, iPad ជាដើមនឹងមានដាក់លក់នៅតាមហាងធំៗទូទាំងប្រទេស ខុសពីពេលមុនដែលមានតែនៅក្រុមហ៊ុន iOne, Smart ក្រុមហ៊ុន Futureword Cambodia ហាងលក់ទូរស័ព្ទនីកា និងហាងអប្សរាប៉ុណ្ណោះ។ ក្រុមហ៊ុននឹងធ្វើការជ្រើសយកតែហាងធំៗសម្រាប់ធ្វើជាអ្នកតំណាងលក់បន្តក្នុង 25 ខេត្តក្រុង ហើយចំពោះម៉ូដែលលេខកូដ អាចមិនមែនមកពីប្រទេសថៃ (TH) ទៀតទេ គឺអាចយកមកពីសិង្ហបុរី (ZP) ជំនួសវិញ។ យ៉ាងណាមិញ ប្រភព និងក្រុមហ៊ុនខាងលើមិនបានបញ្ជាក់អំពីកាលបរិច្ឆេទនៃការចូលទីផ្សារ ឬអ្វីផ្សេងទៀតនោះឡើយ ប៉ុន្តែវាក៏នៅមិនយូរទៀតដែរ៕