នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០ នេះ ចាហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានដឹកនាំសិល្បករខ្មែរជាច្រើនរូបដែលសម្ដែងភាពយន្ដចំនួនពីរគឺរឿង “លោកឳពុក” និងរឿង”ព្រលឹង” ធ្វើដំណើរទៅចូលរួមមហោស្រពភាពយន្ដអន្ដរជាតិនៅប្រទេសចិន ក្នុងទីក្រុងម៉ាកាវ។ សូមជម្រាបថា កម្មវិធីមហោស្រព “Asia Pacific Film Festival” ឆ្នាំ ២០២០ នេះ ក៏មានវត្តមានលោកសុខ សំអាត ជាគណៈកម្មការវិនិច្ឆ័យភាពយន្ដតំណាងឱ្យកម្ពុជាផងដែរ។
ចាងហ្វាងផលិតកម្មមហាហង្សរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា ឆ្នាំ ២០២០ នេះ គឺជាលោកទី៣ហើយ ដែលផលិតកម្មរបស់លោកបានចូលរួមក្នុងមហោស្រពភាពយន្ដនាប្រទេសចិន។ ភាពយន្ដចំនួនពីររបស់មហាហង្ស គឺរឿង “លោកឳពុក” និងរឿង”ព្រលឹង” បានជាប់ក្នុងចំណោមភាពយន្តទាំង៥០រឿងដែលមាន ៧៨ប្រទេសចូលរួម។ បើទោះបីការជ្រើសប្រកួតមានការសម្រិតម្រាំងខ្លាំងយ៉ាងណាក៏ដោយ ក៏លោកមានក្ដីរំពឹងថា ភាពយន្ដខ្មែរយើងបានចេញទៅបង្ហាញនៅលើឆាកអន្ដរជាតិជាបន្ដបន្ទាប់ ទោះជាលទ្ធផលបែបណាក៏ដោយ ក៏លោកទទួលយកបាន ដោយមិនទាន់ហ៊ានសន្និដ្ឋានទុកជាមុន។ ក៏ប៉ុន្ដែលោកសប្បយចិត្តនឹងលោកស្ទួយភាពយន្ដខ្មែរឱ្យចូលរួមនៅលើឆាកអន្ដរជាតិ។
លោកបន្ដថា ការប្រកាសពាននឹងធ្វើនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅទីក្រុងម៉ាកាវ ប្រទេសចិន ហើយក្រោយចប់កម្មវិធី គេនឹងមានការរៀបចំកម្មវិធីជប់លៀងធំផងដែរ។ ទន្ទឹមនឹងនេះ ក្រោយបញ្ចប់បេសកកម្ម តារាសម្ដែងទាំងអស់ និងគណៈប្រតិភូមហាហង្ស នឹងមកដល់មាតុភូមិវិញនៅក្នុងថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ឆាប់ៗនេះ។