Theo Hernandez បាននិយាយថា រូបគេពិតជារីករាយណាស់ក្នុងការស្ថិតនៅជាមួយក្លិបដ៏អស្ចារ្យបំផុតក្នុងពិភពលោក ក្រោយពីត្រូវបានប្រកាសថាជាកីឡាករចំណូលថ្មីដំបូងគេរបស់ក្លិប Real Madrid នារដូវក្តៅនេះ។
ខ្សែការពារវ័យ19ឆ្នាំរូបនេះបានផ្ទេរមកពីក្លិបស្ថិតក្នុងទីក្រុង Atletico ក្នុងតម្លៃខ្លួន30លានអឺរ៉ូ(ស្មើនឹង34.14លានដុល្លារអាមេរិក) ក្រោយពីក្លិប Real បានចំណាយប្រាក់ទិញរំលាយកិច្ចសន្យារបស់គេ។ ខ្សែការពារសញ្ជាតិបារាំងរូបនេះមិនបានលេងឲ្យក្រុម Atletico របស់លោក Diego Simeone ទេ ប៉ុន្តែរូបគេបានបង្ហាញពីទម្រង់លេងយ៉ាងល្អអំឡុងពេលស្ថិតជាកីឡាករកម្ចីនៅឯក្លិប Alaves កាលពីរដូវកាលមុន។ Hernandez ត្រូវបានប្រកាសថា ជាកីឡាកររបស់ក្លិប Real ក្នុងកម្មវិធីមួយដែលបានចាប់ផ្តើមតាមរយៈការចាក់បញ្ចាំងពីរូបភាពវីដេអូមួយដើម្បីបង្ហាញពីអាជីពរបស់គេ។
លោក Perez ប្រធានក្លិប Real បានឲ្យដឹងថា៖ «សូមអបអរសាទរ ពីព្រោះពេលនេះអ្នកជាកីឡាកររបស់ក្លិប Real Madrid ហើយ ហើយការផ្ទេរនេះកើតឡើងដោយសារតែទេពកោសល្យ និងបុគ្គលិកលក្ខណៈរបស់អ្នក និងទាំងអស់នោះសុទ្ធសឹងជាអ្វីដែលអ្នកបានបង្ហាញ បើទោះបីស្ថិតក្នុងវ័យក្មេងក៏ដោយ»។ Hernandez បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ខ្ញុំពិតជារំភើប និងរីករាយណាស់ក្នុងការស្ថិតក្នុងក្លិបដ៏ធំបំផុតក្នុងពិភពលោក។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រចំពោះរាល់ការគាំទ្រដែលពួកគេផ្តល់ឲ្យខ្ញុំ។ ក្រុមជាច្រើនចង់បានខ្ញុំ ប៉ុន្តែជម្រើសដ៏ល្អបំផុតគឺការចូលរួមជាមួយនឹងក្លិប Real Madrid»៕
ប្រភពពី៖ Daily Mail