អាហារដែលមានរសជាតិល្វីងជូរចត់មួយចំនួន វាពិតជាពិបាកក្នុងការទទួលទាន ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមិនចង់ទទួលទានអាហារដែលមានរសជាតិល្វីងជាប្រចាំថ្ងៃនោះទេ តែទោះជាយ៉ាងណាក៏ដោយ អាហារដែលមានរសជាតិល្វីង គឺមានសារធាតុចិញ្ចឹមមិនធម្មតា ដែលអ្នកមិនគួរមើលរំលង ហើយវាមានសារធាតុឱសថដែលមានអត្ថប្រយោជន៍ខាងសុខភាពជាច្រើនថែមទៀតផង។
អាហារដែលមានរសជាតិល្វីងសម្បូរទៅដោយសារធាតុបំប៉ន និងសារធាតុសំខាន់ៗដូចជា triterpenoids, polyphenol និង flavonoids ត្រូវបានគេរកឃើញថា អាចពន្យឺតការលូតលាស់របស់កោសិកាមហារីកជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះសារធាតុល្វីងក៏ត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងឱសថសម្រាប់កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែមផងដែរ។
ជាតិល្វីងជួយបង្កើតថាមពលក្នុងរាងកាយ ព្រោះរុក្ខជាតិល្វីង សម្បូរដោយវីតាមីនអេ វីតាមីនស៊ី វីតាមីនខេ និងសារធាតុរ៉ែ កាល់ស្បូម ប៉ូតាស្យូម និងម៉ាញេស្យូម។ អាហារទាំងនោះ ក៏ពោរពេញទៅដោយជាតិអាស៊ីត ហ្វរឡេន អាស៊ីហ្វីប៊ឺ ដែលជួយកាត់បន្ថយជាតិខ្លាញ់ ដែលបង្កើតថាមពលក្នុងរាងកាយ។ រុក្ខជាតិល្វីងក៏ជួយធ្វើឱ្យស្បែកភ្លឺថ្លា ដោយសារធាតុទាំងនោះ ចូលទៅជួយសម្រួលប្រព័ន្ធសរសៃប្រសាទឱ្យរឹងមាំ សម្រួលសរសៃឈាមមិនឱ្យកក (វីតាមីនខេ) និងមានសារធាតុ phytonutrients ដែលជួយដល់សុខភាពភ្នែក។
សារធាតុល្វីង នឹងជួយទៅជំរុញការផលិតអង់ស៊ីម និងលំហូរទឹកប្រមាត់ឱ្យប្រសើរឡើង ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការរំលាយអាហារ។ រឿងនេះអាចធ្វើឱ្យអ្នកសប្បាយចិត្តក្នុងការបរិភោគអាហារគ្រប់ប្រភេទ ដោយមិនសូវមានការព្រួយបារម្ភ។ សារធាតុ fiber ខ្ពស់ ក្នុងរុក្ខជាតិបៃតងនេះ នឹងជួយជម្រុះកាកសំណល់អាហារទាំងឡាយដែលតោងជាប់បំពង់អាហារ។ ជាពិសេស សារធាតុល្វីងក្នុងរុក្ខជាតិ និងជួយបន្សាបជាតិពុលទាំងឡាយក្នុងរាងកាយ តាមរយៈការសម្រួលដល់ការធ្វើប្រតិកម្មនៃជាតិកូឡេស្តេរ៉ុល ការរក្សាតុល្យភាពអ័រម៉ូន សម្រួលឈាម និងមេតាប៉ូលីខ្លាញ់។ ចំពោះអ្នកមានជំងឺធាត់ គួរបរិភោគអាហារមានរសជាតិល្វីងនេះឱ្យបានច្រើន ព្រោះវានឹងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងជាតិខ្លាញ់ក្នុងរាងកាយបានល្អ។
ដោយសារមនុស្សភាគច្រើន មិនមានចំណង់ចំណូលចិត្តចំពោះអាហារល្វីង ធ្វើឱ្យរាងកាយសម្បូរដោយអាហារដែលមានរសជាតិផ្អែម ប្រៃ និងជូរច្រើន។ ដូច្នេះការបរិភោគអាហារល្វីងនឹងជួយបង្ក្រប់តម្រូវការរបស់សរីរាង្គកាយ។ អ្នកគួរចងចាំថា ការបរិភោគរុក្ខជាតិល្វីង មិនមានជាតិគីមី នឹងមានផលប្រយោជន៍ច្រើន ជាពិសេស វានឹងធ្វើឱ្យអ្នកមិនសូវឃ្លានអាហារផ្តេសផ្តាស ព្រមទាំងមានរូបរាងស្អាត និងមានសភាពរស់រវើកថែមមួយកម្រិតទៀត។ ជាតិល្វីងក៏អាចបង្ការ និងទប់ស្តាត់ជំងឺទឹកនោមផ្អែមបានដែរ។ បើយោងតាមគេហទំព័របរទេសមួយបានបង្ហាញថា ផ្លែម្រះក៏សម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលជួយការពារការខូចខាតកោសិកាដែលបណ្ដាលមកពីពពួករ៉ាឌីកាល់សេរី ថែមទាំងអាចកាត់បន្ថយហានិភ័យពីជំងឺបេះដូង និងជំងឺទឹកនោមផ្អែមផងដែរ។ ផ្លែម្រេះដែលមានរសជាតិល្វីងកាន់តែខ្លាំង គឺជាថ្នាំដ៏ពូកែបំផុតក្នុងការការពារជំងឺទឹកនោមផ្អែម ព្រោះវាមានសមត្ថភាពអាចកាត់បន្ថយជាតិស្ករក្នុងឈាមហើយ និងផ្លូវទឹកម៉ូត្រ ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម យកល្អអ្នកត្រូវយកផ្លែម្រេះទៅកិន ហើយច្រោះយកទឹកឱ្យបានមួយកូនពែង សម្រាប់ទទួលទានជារៀងរាល់ព្រឹក៕