មិនថាជាឧប្បតិហេតុនៅក្នុងទីតាំងគ្រោះថ្នាក់ ហេតុការណ៍អសន្តិសុខក្នុងទីក្រុង ដែលមានការប្រើប្រាស់គ្រាប់បែកដៃផ្សេងៗ ឬនៅក្នុងពិធីបុណ្យអបអរសាទរផ្សេងៗដែលមានការដុតកាំជ្រួច ឬអុចផាវនោះឡើយ ហេតុការណ៍ទាំងអស់នេះអាចបង្កឱ្យកើតមានគ្រោះថ្នាក់ រហូតមានរបួសស្នាមដោយសារវត្ថុអស់ទាំងនោះ ដែលជនរងគ្រោះត្រូវតែបានទទួលការជួយសង្គ្រោះភ្លាមៗទាន់ពេលវេលា ដើម្បីកាត់បន្ថយការឆ្លងមេរោគ និងងាយស្រួលក្នុងការព្យាបាលជាបន្ត។
វិធីសង្គ្រោះបន្ទាន់លើស្នាមរបួសរបស់ជនរងគ្រោះដោយសារ “គ្រាប់បែក កាំជ្រួច ឬផាវ”
1. ឃាត់ឈាមនៅលើអវយវៈដែលរងរបួស(ដូចជា ដាច់ រយះ)នោះ ដោយយកក្រណាត់ស្អាតបិទពីលើស្នាមរបួសហើយរុំឱ្យណែនការពារកុំឱ្យឈាមហូរ។ គួរតែប្រើក្រណាត់បន្ទះធំៗ ដូចជាក្រណាត់រាងយឺតៗ មិនគួរប្រើខ្សែ ឬកៅស៊ូចងរឹតអវយវៈដែលរងរបួសនោះឡើយ ព្រោះនឹងធ្វើឱ្យរឹតណែនខ្លាំង ខូចសរសៃប្រសាទ និងសរសៃឈាម។
2. សង្កេតមើលអាការជនរងគ្រោះ បើហូរឈាមច្រើន ចូរដាក់ឱ្យគេងសម្រាក និងប្រញាប់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗកុំបង្អង់យូរ។ គួរតមឱ្យអាហារតាមមាត់ ឱ្យក្រេបទឹកបន្តិចបន្តួច ព្រោះអាចនឹងត្រូវទទួលការវះកាត់បន្ទាន់។ កុំភ្លេចរក្សាទុកចំណែកអវយវៈដែលដាច់ជាពីរនោះផង។
3. យកវត្ថុកខ្វក់ចេញពីចំណែកអវយវៈដែលដាច់ជាពីរនោះ លាងទឹកឱ្យស្អាត ដាក់ក្នុងថង់ផ្លាស្ទិក បិទមាត់ថង់ឱ្យជិតណែន ទុកក្នុងធុងទឹកកក ឬក្នុងថង់ដែលមានទឹកកក(សីតុណ្ហភាពប្រមាណ 4អង្សាC)។
4. ប្រញាប់នាំទៅមន្ទីរពេទ្យឱ្យបានលឿនបំផុត។ អវយវៈដែលមានសាច់ដុំច្រើនៗដូចជាដៃ ឬជើង ត្រូវតែបានទទួលការវះកាត់តសរសៃឈាមឱ្យលឿនបំផុតក្នុងរយៈពេល 6ម៉ោង ព្រោះសាច់ដុំនឹងស្លាប់បើសិនទុកចោលយូរពេក។ ចំណែកអវយវៈដែលគ្មានសាច់ដុំដូចជាម្រាមដៃ អាចរក្សាទុកបានពី 12-18ម៉ោង ក៏នៅអាចតភ្ជាប់វិញបានដែរ។
5. បើនាំទៅមន្ទីរពេទ្យបានក្នុងរយៈពេល 2-3ម៉ោង អាចនាំទៅបានតែម្ដង ខាងមន្ទីរពេទ្យអាចនឹងត្រៀមរក្សាទុកចំ-ណែកអវយវៈដែលដាច់ចេញនោះ ដើម្បីធ្វើការតឡើងវិញ។
កំណត់សម្គាល់៖ អវយវៈដែលដាច់ចេញពីគ្នា ត្រូវតែនៅមានសរសៃឈាម និងសាច់ភ្នាសដែលមិនខ្ទេចគ្រាំគ្រាខ្លាំង ដូចជា ដាច់ចេញដោយសារត្រូវកាំបិតកាប់ ដាច់ដោយសារគ្រឿងម៉ាស៊ីន-ល- ហើយការរក្សាទុកចំណែកអវយវៈដែលដាច់ បើជាម្រាមដៃ ចូររក្សាទុកក្នុងសីតុណ្ហភាព 4អង្សាC អាចរក្សាទុកបានមិនលើសពី 12-18ម៉ោង។ ចំណែករបស់ដៃ ជើង អាចរក្សាទុកបានមិនលើស 6ម៉ោង ចំណែករបស់បាតដៃអាចរក្សាទុកបានមិនលើស 12ម៉ោង។ បើមិនបានរក្សាទុកត្រឹមត្រូវទេ ត្រូវប្រញាប់នាំយកទៅមន្ទីរពេទ្យក្នុងរយៈពេល 2-3ម៉ោង៕