បន្ទាប់ពីក្រុងពាលីរឿង « បេះដូងខ្វះកំដៅ » មិនទាន់បានប៉ុន្មានថ្ងៃផង ខណៈនៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នេះ ផលិតកម្ម B&S Good Day បានរៀបចំពិធីក្រុងពាលីរឿងភាគថ្មីមួយទៀតមានចំណងជើងថា « ចំណាប់ខ្នាំងកំបាំងស្នេហ៍» ដែលជាការផលិតសហការជាមួយស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥។ រឿងភាគទូរទស្សន៍មួយនេះត្រូវបានគ្រោងចំណាយអស់ជាង ១ សែនដុល្លារ ដែលចុះទៅផ្ដិចយកទេសភាពធម្មជាតិពិតៗនៅខេត្តមណ្ឌលគិរី និងចូលរួមសម្ដែងដោយតារាល្បីៗចាស់ថ្មីជាច្រើនដូចជា លោក ចន សាក់ ជាតួឯកប្រុស និង កញ្ញា ខ្លឹម ស្រីគា ។
លោក ប៊ុន ស៊ា ម្ចាស់ផលិតកម្ម B&S Good Day បានប្រាប់អ្នកសារព័ត៌មានថា នេះជាភាពយន្តភាគថ្មី ដែលលោកបានចាប់ដៃជាមួយផលិតកម្មចក្រវាឡពេជ្រ ផលិតឱ្យប៉ុស្តិ៍លេខ៥។ ភាពយន្តនេះជាង៧០ភាគរយនៃសាច់រឿង គឺថតនៅខេត្តមណ្ឌលគីរី ដោយសារសាច់រឿងនិយាយពាក់ព័ន្ធនឹងជនជាតិព្នង និងដើម្បីរំលេចទេសភាពស្អាតៗ ផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅទីនោះផង។ គម្រោងចំណាយទាំងស្រុង អាចឈានដល់១០ម៉ឺនដុល្លារ ដើម្បីឱ្យសាច់រឿងទាំងមូលមានគុណភាពគ្រប់គ្រាន់។ នេះក៏ជារឿងដែលនិយាយពីការសងសឹក ចាប់ខ្លួនមនុស្សដែលខ្លួនចងគំនុំ ប៉ុន្តែចុងក្រោយ បែរជាក្លាយជាស្នេហា។ លោកនឹងសម្រុកថតភាពយន្តនេះ អោយចប់នៅអំឡុងខែ៣ឆ្នាំ២០២០ ហើយនឹងចាក់បណ្ដើរៗនៅអំឡុងខែ៤ លើប៉ុស្តិ៍លេខ៥៕