លក្ខណៈពិសេសមួយរបស់ទូរស័ព្ទ Galaxy S10 និង Note 10 គឺអាចឱ្យអ្នកប្រើប្រាស់ ដោះសោដើម្បីចូលប្រើទូរស័ព្ទតាមរយៈការស្គែនក្រយៅដៃនៅលើកញ្ចក់ទូរសព្ទតែម្ដង ប៉ុន្តែមុខងារនេះត្រូវបានអ្នកស្រាវជ្រាវរកឃើញថា ពុំមានសុវត្ថិភាពខ្ពស់ទេ ព្រោះគេអាចដោះសោបានដោយប្រើរូបភាពពីឧបករណ៍ផ្ដិតរូប 3D បានយ៉ាងងាយស្រួល។
កាលពីសប្តាហ៍មុន ស្មាតហ្វូន Galaxy S10 និង Note 10 ត្រូវបានអ្នកប្រើប្រាស់រាយការណ៍ថា មានជួបបញ្ហាស្គែនខ្ចៅដៃលើអេក្រង់ ដែលវាអាចអនុញ្ញាតឱ្យខ្ចៅដៃរបស់អ្នកដទៃអាចស្គែនដោះសោបានយ៉ាងងាយ ទោះពុំបានបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធទូរស័ព្ទនោះក៏ដោយ។
លុះថ្មីៗនេះតាមប្រភព Android Central បានរាយការណ៍ថា ក្រុមហ៊ុន Samsungបានជួសជុលចន្លោះប្រហោងដ៏ធំមួយនោះរួចរាល់ហើយ ដោយឡែកមួយទៀត សាំស៊ុងក៏បានបញ្ចេញកំណែអាប់ឌែតថ្មីសម្រាប់ម្ចាស់ S10 និង Note 10 នៅប្រទេសកូរ៉េខាងត្បូងផងដែរ ខណៈការអាប់ឌែតសកលនឹងចេញផ្សាយនៅពេលដ៏ខ្លីខាងមុខ។
ដើម្បីការពារទិន្នន័យក្នុងទូរស័ព្ទ ជាពិសេសដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់គណនីធនាគារអនឡាញ (online banking) សូមលោកអ្នកផ្អាកការប្រើប្រាស់មុខងារដោះសោតាមរយៈការស្គែនក្រយៅដៃនេះ រហូតដល់មានការធ្វើបច្ចុប្បន្នភាពកម្មវិធីនេះពីក្រុមហ៊ុន Samsung ជាថ្មី។
យ៉ាងណាក្ដី សាំស៊ុងក៏មានដំណោះស្រាយបណ្តោះអាសន្នដែរ ប្រសិនបើអ្នកប្រើមិនចង់ជួបបញ្ហា គេអាចធ្វើការប្រើប្រាស់មុខងារសុវត្ថិភាពតាមរយៈការដាក់កូដសម្ងាត់ ឬមុខងារស្គែនផ្ទៃមុខសិន រហូតរង់ចាំដល់កំណែអាប់ឌែតថ្មីចេញផ្សាយជាផ្លូវការ៕