ខ្សែបម្រើ Lars Stindl បានស៊ុតបាល់បញ្ចូលទីតែ1គ្រាប់គត់ក្នុងការប្រកួតនៅតង់ទី1 និងជាគ្រាប់ដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ប្រជុំដោយតារាវ័យក្មេងឆ្នើមៗ បានផ្តួលក្រុមពោរពេញដោយបទពិសោធ ស៊ីលី ក្នុងលទ្ធផល 1-0 ក្នុងការប្រកួតពាន Confederations Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យម្សិលមិញ។
នេះគឺជាលើកទីមួយហើយដែលអាល្លឺម៉ង់ ដែលជាម្ចាស់ការពារតំណែងជើងឯក World Cup បានឈ្នះពាន Confederations Cup ក្នុងយុទ្ធនាការទី8នៃព្រឹត្តិការណ៍មុនការប្រកួត World Cup មួយនេះ។ ការធ្វេសប្រហែសរបស់ខ្សែការពារ Marcelo Diaz បានបណ្តោយឲ្យបាល់ធ្លាក់ទៅលើជើងរបស់ខ្សែប្រយុទ្ធ Timo Werner ខណៈដែលរូបគេបានអូសបាល់ផុតអ្នកចាំទី មុននឹងបញ្ជូនទៅឲ្យ Stindl ដែលបានស៊ុតបាល់បញ្ចូលទីយ៉ាងងាយស្រួលនៅនាទីទី20 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។
ប្រធានក្រុមនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ Julian Draxler ដែលបានឈ្នះពានបាល់មាសសម្រាប់ការជាប់ជាកីឡាកឆ្នើមប្រចាំយុទ្ធនាការនោះ បាននិយាយទាំងញញឹមថា៖ «វាពិតជារឿងមិនគួរឲ្យជឿឡើយ។ យើងបានវាយសម្រុកយ៉ាងល្អ និងស័ក្តិសមក្នុងការទទួលបានជ័យជម្នះ»។
ខ្សែបម្រើស្លាបរូបនេះបានប្រាប់បន្តថា៖ «យើងមិនដែលបានលេងជាមួយគ្នាឡើយនៅមុនពេលយុទ្ធនាការនេះ ដែលវាធ្វើឲ្យជ័យជម្នះនេះកាន់តែមានតម្លៃឡើង»។
ស្របពេលជាមួយគ្នានេះ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ដែលជាម្ចាស់ជើងឯក Euro ឆ្នាំ2016 បានធ្វើការវាយបកដើម្បីយកឈ្នះលើក្រុមជម្រើសជាតិម៉ិកស៊ិក ក្នុងលទ្ធផល 2-1 ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ3នៃយុទ្ធនាការ Confederations Cup ក្នុងទីក្រុង Moscow កាលពីថ្ងៃដដែលនោះ។
ក្រោយពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 នៅត្រឹមនាទីទី90 ហើយខ្សែបម្រើ Adrien Silva បានរកគ្រាប់បាល់ឈ្នះដោយការស៊ុតបាល់ប៉េណាល់ទី នៅនាទីបន្ថែម15នាទី2ដង ដើម្បីផ្តល់ជ័យជម្នះដល់ក្រុមខ្លួនតែម្តង៕
ប្រភពពី៖ BBC