កីឡាករ Jeff Horn បានត្រៀមលក្ខណៈរួចរាល់ក្រោយពីបានធ្វើការថ្លឹងទម្ងន់សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់នៅថ្ងៃអាទិត្យស្អែកនេះ នៅម៉ោង10:30ព្រឹក(ម៉ោងនៅកម្ពុជា) ជាមួយកីឡាករសម្បូរដោយបទពិសោធ Manny Pacquiao។
អតីតគ្រូបង្រៀនរូបនេះ បានឡើងជញ្ជីងដោយថ្លឹងទម្ងន់បាន66.3គីឡូក្រាម នៅព្រឹកថ្ងៃសៅរ៍នេះសម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ WBO ទម្ងន់66.7គីឡូក្រាម ស្របពេលដែល Pacquiao ថ្លឹងបានទម្ងន់66.1គីឡូក្រាម នៅពីមុខអ្នកយកព័ត៌មានក្នុងស្រុក និងអន្តរជាតិជាច្រើនក្នុងទីក្រុង Brisbane។ Horn បានប្រកាសថា រូបគេត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ការប្រកួតនេះខណៈដែលការរាប់ថយក្រោយនៅតែសំដៅឆ្ពោះទៅកាន់ការប្រដាល់ដ៏ធំបំផុតក្នុងជីវិតរបស់គេ។ កីឡាករមិនស្គាល់ចាញ់រូបនេះ ដែលមានកំណត់ត្រាឈ្នះ16លើក និងស្មើ1លើកនោះ បានឲ្យដឹងថា៖ «ការប្រកួតចាប់ផ្តើមហើយ។ អាជីពនៅសាលារៀនបានបញ្ចប់ហើយ។ ខ្ញុំពិតជាមានអារម្មណ៍ល្អ និងស្ថិតក្នុងអារម្មណ៍ស្ងប់ល្អណាស់»។ Horn វ័យ29ឆ្នាំបានបន្ថែមទៀតថា៖ «ខ្ញុំប្រហែលជានៅតែរក្សាអារម្មណ៍ស្ងប់របស់ខ្ញុំនេះ រហូតដល់ថ្ងៃប្រកួតប៉ុន្តែពិតជាសម្លឹងឆ្ពោះទៅកាន់ការប្រកួតនៅទីនោះនាថ្ងៃស្អែកនេះ និងធ្វើឲ្យបានល្អបំផុត»។
Pacquiao វ័យ38ឆ្នាំ ដែលមានកំណត់ត្រាឈ្នះ59លើក ចាញ់6លើក និងស្មើ2លើកក្នុងនោះផ្តួលដៃគូឲ្យសន្លប់38លើកនោះ បានចាកចេញពីកន្លែងថ្លឹងទម្ងន់យ៉ាងលឿន និងមិនបានធ្វើការបកស្រាយអ្វីឡើយ ប៉ុន្តែ គ្រូបង្វឹករបស់តារាឆ្នើមហ្វីលីពីនរូបនេះបានអះអាងកាលពីពេលមុននេះថា កូនសិស្សរបស់គាត់នឹងផ្តួល Horn ក្នុងទឹកណាមួយមិនខាននៅថ្ងៃអាទិត្យនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១០:៣០ព្រឹក (ម៉ោងនៅកម្ពុជា)៕
ប្រភពពី៖ abc.net.au