មុន និងស្នាម ដែលបន្សល់ទុកក្រោយកើតមុន គឺជាក្តីកង្វល់របស់ស្ត្រីមួយភាគធំ ប៉ុន្តែយើងចង់ធ្វើឱ្យមានការផ្លាស់ប្តូរពីកង្វល់របស់មនុស្សភាគច្រើនឱ្យនៅត្រឹមមនុស្សមួយចំនួនតូច ពីមនុស្សមួយចំនួនតូច ឱ្យមកជាលែងមានការបារម្ភចំពោះបញ្ហានេះវិញម្តង។ ដូច្នេះទស្សនាវដ្តីយើងចង់សុំឱ្យលោកអ្នកសាកល្បងវិធីសាស្ត្រនៃការបំបាត់ស្នាមមួយចំនួនដូចខាងក្រោម៖
ប៉េងប៉ោះ : សម្បូរទៅដោយវីតាមីន A និង C ដែលអាចជួយចិញ្ចឹម និងកម្ចាត់មុន ព្រមទាំងស្លាកស្នាមចោលយ៉ាងមានប្រសិទ្ធភាព។ ដោយគ្រាន់តែយកចំណិតប៉េងប៉ោះមកបិទពីលើទីតាំងដែលមានមុន ឬស្នាមរយៈពេល20-30នាទី រួចសឹមសម្អាតចេញដោយទឹកស្អាតជាការស្រេច។
ពោត : វាហាក់ខុសប្លែកពីវិធីមុនៗ ប៉ុន្តែអ្នកដឹងទេថា ពោតសម្បូរទៅដោយវីតាមីនA ដែលស្បែកត្រូវការ ដើម្បីរក្សាសំណើម ការពារភាពយារធ្លាក់ និងការកើតមុន។ ដំបូងអ្នកត្រូវសម្អាតផ្ទៃមុខរបស់អ្នកឱ្យស្អាត រួចជ្រើសរើសយកផ្លែពោត ខ្ចីណាដែលនៅស្រស់ យកមកត្រដុសលើផ្ទៃមុខ រយៈពេល15-20នាទី ទើបជម្រះចេញឱ្យស្អាតដោយទឹកស្អាត។
ផ្នែកសនៃស៊ុត : វាជាសារធាតុផ្សំដ៏សំខាន់ក្នុងការថែរក្សា និងបន្ថែមភាពភ្លឺថ្លាដល់ស្បែកមុខ។ ផ្នែកសនៃស៊ុតក៏អាចកម្ចាត់មុន និងស្លាកស្នាមចេញពីផ្ទៃមុខផងដែរ។ ម៉ាសបិទមុខផលិតពីផ្នែកពណ៌សនៃស៊ុតគឺជាម៉ាសប្រភេទងាយៗ តែអាចសម្រួលដល់បញ្ហាផ្ទៃមុខយ៉ាងមានប្រសិទ្ធភាព។
តែ : ប្រសិនបើអ្នកចូលចិត្តទទួលទានទឹកតែ (តែខ្មៅ) សូមកុំបោះចោលកាកតែឱ្យសោះ ព្រោះថាកាកតែនៅអាចផ្តល់នូវគុណសម្បត្តិមួយទៀតគឺជួយថែរក្សាសម្រស់ស្បែកមុខរបស់អ្នក។ដោយគ្រាន់តែសម្អាតផ្ទៃមុខរបស់អ្នកឱ្យស្អាត រួចយកកាកតែមកបំពោកលើផ្ទៃមុខ ឬកន្លែងដែលមានមុន ឬស្នាមមុន ទុកចោលប្រហែលជា15នាទី រួចសម្អាតចេញឱ្យស្អាតជាការស្រេច។
អនុវត្តតាមវិធីណាមួយខាងលើឱ្យបាន2-3ដងក្នុងមួយសប្តាហ៍ ហើយមិនយូរនោះទេ អ្នកពិតជាបានឃើញពីលទ្ធផលជាមិនខាន។ សូមចាំថា ការព្យាបាលដោយវិធីនេះគឺត្រូវចំណាយពេលវេលាយូរបន្តិច ប៉ុន្តែប្រសិនបើអ្នកចង់ប្រញាប់ទទួលបានលទ្ធផលនោះ លោកអ្នកក៏អាចជ្រើសប្រើផលិតផលជំនួយក៏បាន ដូចជាប្រភេទថ្នាំបំបាត់ស្លាកស្នាមជាដើម៕