ថ្មីៗនេះក្រុមហ៊ុន Apple បានជ្រើសយករថយន្ត Lexus RX450h Sport-Utility ជាឈ្នាន់សម្រាប់ធ្វើតេស្ដសាកល្បងបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិជំហានបន្ទាប់ដោយសហការណ៍ជាមួយនឹងក្រុមហ៊ុនជួលរថយន្ត Hertz របស់អាមេរិក ក្នុងការសម្រេចផែនការមួយនេះ។
បើយោងតាមការចុះផ្សាយលើបណ្ដាញព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារមុននេះថា ក្រុមហ៊ុន Apple Incបានកំពុងជួលយានយន្តតូចៗពីក្រុមហ៊ុន Hertz Global Holdings Inc ប្រភេទ SUV ចំនួន 6 គ្រឿងដើម្បីសាកល្បងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង។ គម្រោងមួយនេះត្រូវបាន Apple សម្ងំអភិវឌ្ឍតាំងពី 3 ឆ្នាំមុន តែទើបនឹងបង្ហាញចេញក្នុងពេលថ្មីៗនេះ ដែលស្ថិតក្នុងគម្រោង Project Titan ហើយការជ្រើសយករថយន្ត Lexus សម្រាប់ធ្វើការតេស្ដនេះ មិនត្រូវបានក្រុមហ៊ុនបញ្ជាក់ថាមកពីមូលហេតុអ្វីនោះទេ។ ប៉ុន្តែមានមតិមួយចំនួនបានលើកឡើងថា អាចមកពីរថយន្ត Lexus មានលក្ខខណ្ឌល្អដែលអំណោយផលដល់គម្រោងមួយនេះ។
ដំណឹងមួយនេះ អាចបញ្ជាក់បានថា Apple ឈានជិតដល់គោលដៅក្នុងការច្របាច់បញ្ចូលប្រព័ន្ធSoftware ធ្វើឱ្យរថយន្តមានសមត្ថភាពអាចបើកបរដោយខ្លួនឯងបានភ្ជាប់បន្ថែមពីលើកម្មវិធី Apple Car Play ដែលក្រុមហ៊ុនបានដាក់ចេញកាលពីប៉ុន្មានឆ្នាំមុន។ ការធ្វើតេស្ដនេះ Apple បានជ្រើសយកផ្លូវសាធារណៈក្នុងតំបន់ San Francisco Bay តាំងពី1ឆ្នាំមុន ហើយកាលពីខែមេសាក្រុមហ៊ុនក៏ទើបទទួលបានសិទ្ធិពីនាយកដ្ឋានយានយន្តរបស់រដ្ឋកាលីហ្វ័រនីញ៉ា DMV ដើម្បីធ្វើតេស្តរថយន្ត Self-Driving ក្នុងរដ្ឋនេះ៕