Samsung បានបញ្ជាក់អំពីវត្តមានស្មាតហ្វូនត្រកូល A ចំនួន 2ទៀត ត្រៀមនឹងចេញលក់នាពេលខាងមុខ គឺម៉ូដែល Galaxy A91 និង Galaxy A90 5G។ នេះបើតាមការប្រទះឃើញរបស់ក្រុមការងារ SamMobile នៅលើវេបសាយផ្លូវការរបស់ Samsung ប្រចាំប្រទេសហុងគ្រី។
លើវេបសាយបានបញ្ជាក់អំពីចំណុចសំខាន់2 គឺ Galaxy A91 នឹងអាចទ្រាំទ្រនឹងការសាកថ្មកម្លាំង 45វ៉ាត់ ចំណែក Galaxy A90 5G ទ្រាំទ្រការសាកថ្មកម្លាំង 25វ៉ាត់។ បន្ថែមពីនេះឃើញមានការរាយឈ្មោះស្មាតហ្វូនដែលគាំទ្រការសាកកម្លាំង 45វ៉ាត់ ដែលមានសរសេរថា “Galaxy Note 10+, Note 10+ 5G, A91 and higher”។ មានន័យថា បច្ចេកវិទ្យានេះនឹងមានលើស្មាតហ្វូន Samsung នាពេលបន្តបន្ទាប់ទៀត។ Galaxy A91 រំពឹងថា នឹងជាស្មាតហ្វូនលំដាប់កំពូលមួយប្រចាំត្រកូល A។
គេរំពឹងថា វានឹងមានបំពាក់កាមេរ៉ាដល់ 4គ្រាប់ ដែលមានកាមេរ៉ាមេកម្រិត 108MP, កាមេរ៉ា Wide-Angle កម្រិត 16MP, កាមេរ៉ា Telephoto 5x Zoom កម្រិត 12MP និង Sensor វាស់ជម្រៅ ToF។
ចំណែក Galaxy A90 5G រំពឹងថា នឹងក្លាយជាស្មាតហ្វូន 5G តម្លៃធូរថ្លៃរបស់ Samsung សម្រាប់វាយលុកទីផ្សារនាពេលខាងមុខ។ ចំពោះកាលបរិច្ឆេទប្រកាសចេញស្មាតហ្វូនទាំង2 មិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ៕