ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei នាថ្ងៃសុក្រនេះ បានបើកសន្និសីទមួយនៅទីក្រុង Shenzhen ប្រទេសចិន ដើម្បីបង្ហាញពីផលិតផលទំនើប និងថ្មីៗបំផុតរបស់ខ្លួន។ អំឡុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Huawei បានបង្ហាញវត្តមានបន្ទះឈីប AI ដែលលឿនបំផុតដាច់គេនៅលើលោកហៅថា Ascend 910 ព្រមទាំងប្រព័ន្ធ Framework AI ជំនាន់ចុងក្រោយហៅថា MindSpore។
ក្នុងខែនេះដែរ ក្រុមហ៊ុន Huawei ក៏បានប្រកាសជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការ (Operationg System ឬ OS) ដែលក្រុមហ៊ុនបានអភិវឌ្ឍឡើងដោយផ្ទាល់ដៃផងដែរ សម្រាប់ប្រើប្រាស់នៅលើផលិតផលបច្ចេកវិទ្យាជាច្រើន។
គួរជម្រាបថា ទោះកំពុងស្ថិតក្រោមការរងសម្ពាធគាបសង្កត់ខ្លាំង ពីសហរដ្ឋអាមេរិក ដែលអ្នកណាៗក៏ទទួលស្គាល់ថា ជាប្រទេសធ្លាប់តែនាំមុខគេខាងផ្នែកបច្ចេកវិទ្យាក៏ដោយ ក៏ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តអភិវឌ្ឍខ្លួនឯងឱ្យកាន់តែប្រសើរ និងរិះរកគំនិតបង្កើតថ្មីៗដើម្បីជាប្រយោជន៍សម្រាប់ពិភពលោកជារួម។ Huawei បានសន្យាធ្វើការបើកចំហឱ្យខ្លាំងជាងមុនផងដែរ៕