ការអប់រំ លើចំណេះជំនាញតែមួយមុខគត់មិនទាន់គ្រប់គ្រាន់ទេសម្រាប់សតវត្សរ៍ទី21នេះ ព្រោះការអប់រំសម័យបច្ចុប្បន្ននេះកាន់តែមានភាពទូលំទូលាយ ដែលមនុស្សស្ទើរគ្រប់គ្នាលើពិភពលោកសុទ្ធតែអាចរៀនជំនាញបានសម្រាប់ចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តែអ្វីជាចំណុចអាទិភាពដើម្បីក្លាយជាមនុស្សខ្លាំងបាននោះគឺ អត្តចរិត និងឥរិយាបថ។
ថ្លែងនៅក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្សនៃសាលរៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ លោក តែ ឡាយ ប្រធាននាយកដ្ឋានអប់រំនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា នៅក្នុងសតវត្សរ៍ទី21នេះ ការអប់រំចាំបាច់ត្រូវគិតគូរទាំងផ្នែកចំណេះជំនាញ និងអត្តចរិត ក៏ដូចជាឥរិយាបថជាដើម ព្រោះគ្រប់គ្នាសុទ្ធតែអាចអភិវឌ្ឍខ្លួនឱ្យមានចំណេះជំនាញដូចៗគ្នា តែចំពោះឥរិយាបថ និងអត្តចរិត គឺមិនដូចគ្នានោះទេ។ ដោយសារតែអត្តចរិត និងឥរិយាបថខុសគ្នានេះហើយ ទើបធ្វើឱ្យមនុស្សទទួលបានលទ្ធផលខុសគ្នា បើទោះបីជាពូកែដូចគ្នានៅក្នុងសាលាក៏ដោយ។
លោក តែ ឡាយ បាននិយាយថា៖ «ដោយមើលឃើញពីសារៈសំខាន់នៃការបណ្តុះបណ្តាលទាំងជំនាញរឹង និងជំនាញទន់នេះហើយ ទើបយើងខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងពី 1ឆ្នាំទៅ 1ឆ្នាំដើម្បីបញ្ចូលកម្មវិធីល្អៗដល់សិស្សរបស់យើងដើម្បីបណ្តុះបណ្តាលពួកគេឱ្យក្លាយជាមនុស្សមានសក្តានុពល និងប្រកបដោយគុណភាព គុណធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ»។
លោក តែ ឡាយ បានលើកឡើងផងដែរថា យើងចង់ឱ្យសិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងបណ្តាញសាលារៀនរបស់យើងមិនត្រឹមតែក្លាយជាមនុស្សដែលមានចំណេះជំនាញច្បាស់លាស់នោះទេ តែពួកគេក៏អាចក្លាយជាមនុស្សដែលមានផ្នត់គំនិតចង់ចេះចង់ដឹងពេញមួយជីវិត និងជាមនុស្សដែលមានគំនិតច្នៃប្រឌិត មានភាពជាអ្នកដឹកនាំខ្ពស់ ឬក្លាយជាមនុស្សដែលមានទាំងគុណភាពផ្នែកបញ្ហា និងស្មារតី សម្រាប់បំពេញតម្រូវការសង្គមនាពេលអនាគត។ ហេតុនេះហើយទើបយើងបញ្ចូលនូវកម្មវិធីជាច្រើនបន្ថែមលើកម្មវិធីសិក្សាគោលដែលយើងមានស្រាប់ ដូចជាកម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) កម្មវិធីជំនាញទាំង 7យ៉ាងសម្រាប់បុគ្គលមានប្រសិទ្ធភាពខ្ពស់ កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ Money Tree និងកម្មវិធីវិទ្យសាស្ត្រជាច្រើនទៀត ដូចជាការបង្កើតក្លិបអ្នកវិទ្យាសាស្រ្តវ័យក្មេងជាដើម ដើម្បីឱ្យធនធានមនុស្សដែលយើងបណ្តុះបណ្តាលទាំងអស់នេះ ក្លាយជាមនុស្សខ្លាំងទាំងពេលបច្ចុប្បន្ន និងអនាគត។
លោកបានបន្ថែមថា ចំណេះជំនាញ គឺជាក្បួនខ្នាតនៃការធ្វើការងារ ឬជាក្បួនខ្នាតសម្រាប់ការធ្វើអាជីវកម្មដែលគ្រប់គ្នាត្រូវតែដឹង តែដើម្បីឱ្យការងារ ឬអាជីវកម្មរីកចម្រើន វាត្រូវការធាតុផ្សំជាច្រើនទៀតដើម្បីអភិវឌ្ឍ ដូចជាជំនាញក្នុងការសម្របសម្រួល ជំនាញក្នុងការធ្វើការងារជាក្រុម ជំនាញក្នុងការអភិវឌ្ឍប្រកបដោយភាពឆ្លាតវៃ ជំនាញក្នុងការច្នៃប្រឌិត និងជំនាញក្នុងការស្វែងយល់ពីចិត្តអ្នកដទៃជាដើម ដែលជំនាញទាំងអស់នេះជាកម្លាំងចលករឱ្យការអនុវត្តការងារនោះកាន់តែមានប្រសិទ្ធភាពខ្ពស់។
សាលារៀន វេសឡាញ និងណត្សឡាញន៍ ចាប់ផ្តើមចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ និងចូលរៀនកម្មវិធីមត្តេយ្យភាសាអង់គ្លេស និងភាសាចិន នៅថ្ងៃទី1 ខែសីហា ឆ្នាំ2019 និងថ្នាក់ចំណេះដឹងទូទៅខ្មែរចូលរៀននៅថ្ងៃទី2 ខែកញ្ញា ឆ្នាំ2019៕