លោកសាស្ត្រចារ្យវេជ្ជបណ្ឌិត Filkenstein និងអ្នកស្រី Lisa Filkenstein ជាអ្នកជំនាញការខាងការអប់រំកុមារមកពីសហរដ្ឋអាមេរិក ទាំង 2នាក់សុទ្ធតែជាអ្នកដែលមានបទពិសោធក្នុងការរៀបចំកម្មវិធីសិក្សារៀនសូត្រសម្រាប់កុមារជាង 30ឆ្នាំមកហើយនោះ បានផ្តល់នូវផ្នត់គំនិតដល់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលក្នុងរឿងការវិវឌ្ឍរបស់កុមារឆ្លាត ឬកុមារពូកែជាច្រើនចំណុចដូចខាងក្រោម ៖
អ្នកណាគឺ មនុស្សពូកែ? អ្នកណាគឺ ក្មេងឆ្លាត?
យើងគ្រប់គ្នាជាមនុស្សពូកែ ពូកែគ្រប់រូបបែប អ្នកខ្លះពូកែច្រៀង អ្នកខ្លះពូកែគូររូប ពូកែប្រដាល់ពូកែទាត់បាល់ ពូកែគិត ពូកែនិយាយ ពូកែរាំ ជាដើម-ល- អ្នកខ្លះពូកែច្រើនយ៉ាង អ្នកខ្លះពូកែតែម្យ៉ាង។ កុមារពូកែ ឬកុមារឆ្លាត ភាគច្រើនៗតែមានភាពចង់ដឹង ចង់ឃើញ មានការស្រមើស្រមៃ និងមានគំនិតច្នៃប្រឌិតខ្ពស់ និងថែមទាំងមានចំណាប់អារម្មណ៍ធំទូលាយ តែសាលារៀនជាច្រើនមិនសូវជួយជំរុញកុមារក្នុងរឿងនេះឡើយ។ អ្នកគ្រូច្រើនតែនិយាយថា “កុំសួរច្រើនណា អង្គុយឱ្យស្ងៀម”កុមារទាំងនោះក៏អង្គុយសម្លឹងស្លឺចេញទៅក្រៅបង្អួច សម្លឹងមើលមេឃ មើលដើមឈើ អណ្តែតអណ្តូង។ ហើយអ្នកគ្រូនឹងនិយាយថា “កុមារបែបនេះមានបញ្ហា មិនតាំងចិត្តរៀន អារម្មណ៍រវើរវាយមិនស្តាប់គ្រូបង្រៀន”។ នៅពេលគ្រូគិតថា មានបញ្ហា ក៏ធ្វើឱ្យមិនអាចសម្លឹងឃើញពីលក្ខណ:ផ្សេងទៀតច្រើនជាង “បញ្ហា” ឡើយ។ បើគ្រូគិតថា មានបញ្ហា ក៏គួរតែរិះរកវិធីកែបញ្ហានេះយ៉ាងរីកចម្រើនយ៉ាងបណ្តុះគំនិត ដែលវាជារឿងមួយពិបាកណាស់ តែក៏ជារឿងមួយដែលគួរឱ្យសាកល្បងដែរ បើគ្រូចង់ជួយកុមារៗទាំងនោះយ៉ាងពិតប្រាកដមែននោះ។
ធ្វើយ៉ាងណាទើបក្លាយជាការកែបញ្ហាយ៉ាងចម្រើន និងបណ្តុះគំនិត
ក្នុងការកែបញ្ហាយ៉ាងចម្រើន និងបណ្តុះគំនិតនេះ លោកអ្នកត្រូវបង្ហាត់ខួរក្បាលរបស់លោកអ្នកឱ្យគិតហើយក្នុងការគិតកែបញ្ហាយ៉ាងចម្រើន និងបណ្តុះគំនិតនោះ ចម្លើយដែលត្រឹមត្រូវ គឺមានច្រើនលើសពី1 ទៅទៀត។ នៅពេលជួបបញ្ហាជំហានដំបូង យើងត្រូវដឹងថា តើបញ្ហានោះគឺជាអ្វីពិតប្រាកដ?
ជំហានបន្តទៅទៀតគឺ ការស្វែងរកធាតុពិត។យើងត្រូវរកមើលថា តើយើងត្រូវស្វែងរកព័ត៌មានដោយវិធីណា? ពីនរណា? ចម្លើយដែលអាចទៅរួចគឺ ប្រភពនៃព័ត៌មានផ្សេងៗដែលអាចរកបាន គឺនៅក្នុងបណ្ណាល័យ សារព័ត៌មាន ទូរទស្សន៍ អ្នកជំនាញការ ឬព័ត៌មានពីបរទេស-ល- ដែលវានឹងជួយឱ្យយើងទទួលបាននូវផ្នត់គំនិតល្អៗជាច្រើន។ ជំហានបន្តទៅទៀតក៏គឺ ការប្រមែប្រមូលព័ត៌មានដែលទទួលបាននោះ… គឺជាការប្រមូលផ្នត់គំនិតទាំងអស់មកដោយមិនទាន់សម្រេចចិត្ត។
ជារឿងមួយដែលគួរឱ្យសង្កេតថា នៅក្នុងបន្ទប់រៀន ពេលមានកិច្ចការខ្លះដែលត្រូវឱ្យកូនសិស្សឡើងឆ្លើយ គ្រូមួយចំនួនពេលកូនសិស្សឆ្លើយហើយ គ្រូប្រាប់ថា ខុស! សិស្សឯទៀតនឹងសើចឡើងតែម្ដង។ ពេលនោះ ក្មេងម្នាក់នោះនឹងលែងហ៊ានឆ្លើយទៀតជាមិនខាន។ ក្នុងលក្ខណ:បែបនេះមិនមែនជាការបណ្តុះគំនិតរបស់កុមារបែបចម្រើនឡើយ។
នៅពេលប្រមូលព័ត៌មានបានមកហើយ និងបានយល់ច្បាស់ពីបញ្ហាហើយ ជំហានបន្ទាប់ទៅទៀត គឺការរិះរកវិធី ឬគំនិតល្អៗ ចម្រើនៗក្នុងការកែបញ្ហា ដូចជា នៅពេលយើងរួបរួមបញ្ហា ឬចំណុចខ្សោយនៅក្នុងរឿងណាមួយមកបានហើយ តើយើងនឹងកែបញ្ហានេះរបៀបយ៉ាងម៉េច?គ្រូអាចបែងចែកកូនសិស្សជាក្រុមឱ្យធ្ចើការរួមគ្នា ដោយប្រមូលផ្តុំគំនិតក្នុងការកែបញ្ហា។ បន្ទាប់ពីនោះ គឺជាការដំណើរការកែបញ្ហា និងសិក្សាពីលទ្ធផល រហូតដល់កែសម្រួលបាន។
រូបបែបនៃការរៀនយល់ដឹង
ជាទូទៅ មនុស្សយើងមានវិធីរៀនយល់ដឹងច្រើនបែប។ ការដែលយើងត្រូវរៀនយ៉ាងដូចម្តេចនោះ វាកើតចេញពីការដែលយើងយល់ដឹងបែបណា ។ លោកវេជ្ជបណ្ឌិត David Kolb បានធ្វើការសិក្សាពីការរៀនយល់ដឹងរបស់ខ្លួន ដោយវាយតម្លៃពីមេរៀនគ្រឹះដែលបានមកពីទ្រឹស្តីរបស់ JohnDewey , Kurt lewin និង Jean Piaget ហើយសរុបបានរូបបែបរបស់អ្នករៀន(សិស្ស) ចេញជា 4បែបគឺ ៖
1. អ្នកដែលប្រើប្រាស់អារម្មណ៍ (Feeler) បុគ្គលប្រភេទនេះនឹងទទួលយល់ដឹងតាមរយ:បទពិសោធដោយត្រង់ ដោយប្រើសតិសម្បជញ្ញៈនិងអារម្មណ៍ដែលបានមកពីការសង្កេត។ កុមារប្រភេទនេះនឹងរៀនសូត្របានល្អជាទីបំផុត នៅពេលមានការបញ្ចេញមតិ ការតវ៉ា ការបានស្តាប់បានឮ និងការផ្លាស់ប្តូរគំនិតយោបល់គ្នា។
2. អ្នកគិតវិភាគ (Thinker) ជាអ្នករៀនយល់ដឹងតាមរយ:ការប្រើគំនិត ត្រិះរិះពិចារណា រួចបង្កើតគំនិតរួមបែបទ្រឹស្តី និងតាមរយ:ការសង្កេត។កុមារប្រភេទនេះនឹងរៀនសូត្របានល្អបំផុតតាមរយ:ការស្តាប់ការបរិយាយ និងការសាកល្បងព័ត៌មានដោយខ្លួនឯង។
3. អ្នកសម្រេចចិត្ត (Dicider) ជាអ្នកទទួលយល់ដឹងដោយអាស្រ័យលើការគិត និងការសាកល្បងធ្វើអ្វីមួយ។ កុមារប្រភេទនេះ នឹងរៀនសូត្របានល្អ នៅពេលណាដែលមានការប្រតិបត្តិ(អនុវត្ត)។
4. អ្នកគិតស្រាវជ្រាវ ច្នៃប្រឌិត (Imagination) ជាអ្នកដែលទទួលយល់ដឹងតាមរយ:បទពិសោធពិត ដោយប្រើសតិសម្បជញ្ញៈ និងអារម្មណ៍ដែលបានទទួលពីការសាកល្បងយ៉ាងពិតប្រាកដ ហើយនិងការបានធ្វើដោយផ្ទាល់។ កុមារប្រភេទនេះនឹងរៀនយល់ដឹងបានល្អតាមរយ:វិធីបង្រៀនបែបសិក្សាដោយខ្លួនឯង។
យ៉ាងណាក៏ដោយ វាជាការណ៍មួយដែលលំបាកនឹងបែងចែកឱ្យច្បាស់យ៉ាងដាច់ខាតណាស់ថា តើអ្នកណាបែបណា? កុមារក្នុងបែបទី1 និងទី4 មានលក្ខណ:ស្រដៀងគ្នា។ ដូចគ្នានឹងកុមារប្រភេទទី2 និងទី3ដែរ ដូច្នេះទើបគ្រូៗចាំបាច់ត្រូវតែបង្រៀនកុមារដោយប្រើវិធីការបង្រៀនក្នុងរូបបែបផ្សេងៗយ៉ាងស្មើភាគគ្នា ដើម្បីផ្តល់ឱកាសដល់កុមារគ្រប់គ្នាបានរៀនយល់ដឹង និងបញ្ចេញសមត្ថភាពទៅតាមអ្វីដែលគេថ្នឹក លើកលែងតែគ្រូបានដឹងថា “ក្មេង” ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនជាក្មេងបែបណា ទើបត្រូវបង្រៀនឱ្យត្រូវនឹងលក្ខណៈការទទួលយល់ដឹងរបស់ក្មេងនោះឱ្យបានច្រើនបំផុត៕