ក្នុងពិធីប្រកួតឈុតបុរាណទ្រង់ទ្រាយធំ នៅប្រាសាទសំបូរព្រៃគុក តារាសម្ដែង និងច្រៀង លោក ស្រេង ឈាងឡេង ដែលត្រូវគេស្គាល់ថាជាម្ចាស់ហ៊ុនធំមួយក្នុងគម្រោងដីឡូតិ៍ក្រុមហ៊ុនសែនណារ៉ាឈាងឡេង តាមបណ្ដោយផ្លូវជាតិលេខម្ដុំផ្សារព្រៃទទឹង ក៏ត្រូវគេឃើញគ្រងឈុតបុរាណនៅថ្ងៃនោះដែរ។ ការបង្ហាញខ្លួនរបស់លោក ធ្វើឱ្យមានការលើកឡើងជាច្រើនថា លោកនឹងចាប់យកអាជីពសិល្បៈឱ្យស៊ប់ ហើយរយាលពីការងារជំនួញ។
ខណៈដែលលោកបកស្រាយ ស្រេង ឈាងឡេង និយាយថា លោកមិនមានគម្រោងដើរចេញពីមុខជំនួញដីធ្លី ហើយឈោងចាប់សិល្បៈនោះទេ គឺលោកគ្រាន់តែចូលប្រឡូកសិល្បៈបំពេញតាមក្ដីស្រម៉ៃ នៅពេលគ្រួសារតារាកម្ពុជា ដែលជាអ្នករៀបចំកម្មវិធីផ្ដល់ឱកាសឱ្យប៉ុណ្ណោះ។ លោកថា ការងារសិល្បៈជាអ្វីដែលលោកស្រលាញ់តាំងពីតូច ប៉ុន្តែលោកក៏មិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីទទួលសម្ដែង ឬ ឡើងឆាកទូរទស្សន៍ ក្រៅពីបង្ហាញខ្លួនខ្លះៗ នៅក្នុងសកម្មភាពសប្បុរសធម៌របស់គ្រួសារតារាកម្ពុជា នោះឡើយ។ លោកសារភាពថា ខ្លួនគ្រោងចេញបទចម្រៀងបង្អួតមហាជនក្នុងពេលឆាប់ៗ ប៉ុន្តែមិនមែនដើម្បីចង់ល្បី ហើយចូលប្រឡូកសិល្បៈឱ្យស៊ប់ដោយដកខ្លួនពីជំនួញដីធ្លីនោះឡើយ។ លោកថាសិល្បៈនឹងបង្ហាញខ្លួនតែពេលទំនេរពីជំនួញប៉ុណ្ណោះ ប៉ុន្តែការងារជំនួញ គឺនឹងកាន់តែចាប់ឱ្យណែន។ ក្រៅពីបើកគម្រោងដីឡូតិ៍ថ្មីៗបន្តបន្ទាប់ លោកក៍ទើបបោះទុនសាងសង់បុរីនៅម្ដុំដីឡូតិ៍ដែលលោកបើកលក់ និងគ្រោងធ្វើអាជីវកម្មផលិត និងនាំចូលឱសថច្រើនប្រភេទថ្មីមួយទៀត ដោយសារតែលោកគឺជានិស្សិតពេទ្យស្រាប់។
លោក ស្រេង ឈាងឡេង បញ្ជាក់ថា សប្បាយចិត្តយ៉ាងខ្លាំង ដែលបានចូលរួមគ្រងឈុតបុរាណ នៅក្នុងព្រឹត្តិការណ៍ទិវាវប្បធម៌បេតិកភណ្ឌជាតិ នៅបរិវេណប្រាសាទព្រៃគុក និងបានចូលរួមប្រកួតឈុតបុរាណក្រោមការរៀបចំរបស់គ្រួសារតារាកម្ពុជា។ បើទោះជាលោកមិនបានទទួលពាន តែលោកប្រាប់ថារំភើបចិត្ត សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍នោះ៕