ផ្សារធីខេ អ៊ែវ៉ឺន្យូ (TK Avenue) គឺជាបណ្តុំនៃហាងទំនើបៗ ប្រ៊េនដ៍ល្បីៗជាច្រើន ដែលត្រូវបានបង្កើតឡើងចុងខែធ្នូ ឆ្នាំ2013 ដើម្បីផ្ដល់នូវភាពងាយស្រួលដល់ប្រជាជនខ្មែរ និងភ្ញៀវបរទេស ដែលមានបំណងចង់ទិញទំនិញ ទទួលទានអាហារ និងមកកម្សាន្ដសប្បាយ ឬមើលកុនជួបមិត្តភក្តិ បងប្អូន ឬជួបជុំគ្រួសារយ៉ាងរីករាយ។ ផ្សារ ធីខេ អ៊ែវ៉ឺន្យូ (TK Avenue) ស្ថិតនៅចំកណ្តាលទីប្រជុំជននៅក្នុងរាជធានីភ្នំពេញ និងមានហាងជាច្រើន និងគ្រប់ប្រភេទទាំងហាងផ្តល់សេវាកម្ម ហាងកាហ្វេ ភោជនីយដ្ឋានដែលបម្រើអាហារបែបអាស៊ី និងអឺរ៉ុបហាងលក់សម្ភារ លក់ទំនិញគ្រប់ប្រភេទ ហាងលក់សម្លៀកបំពាក់បុរសនារី និងកុមារ ហាងលក់ស្បែកជើង កាបូបទំនើបទាន់សម័យ និងមានរោងកុននៅខាងក្នុងផ្សារមួយនេះផងដែរ។ដោយសារតែផ្សារ ធីខេ អ៊ែវ៉ឺន្យូ (TK Avenue) ប្រមូលផ្តុំដោយហាង និងភោជនីយដ្ឋានជាច្រើនសម្បូរបែបខ្លាំង ចំណុចនេះហើយបានជាធ្វើឱ្យផ្សារ ធីខេ អ៊ែវ៉ឺន្យូ (TK Avenue) ក្លាយទៅជាទីណាត់ជួបគ្នាសម្រាប់ការកម្សាន្ត និងការជួបជុំគ្នាយ៉ាងរីករាយ។
ផ្សារ ធីខេ អ៊ែវ៉ឺន្យូ (TK Avenue) មានទីតាំងស្ថិតនៅផ្លូវកែង មានផ្លូវធំទូលាយ ស្ថិតនៅក្នុងតំបន់ទីប្រជុំជន ជិតសាលារៀន ធនាគារ និងអគារពាណិជ្ជកម្មផ្សេងៗ ចំណែកបរិយាកាសនៅទីនេះវិញ គឺស្រស់ស្រាយជាមួយនឹងធម្មជាតិ ព្រោះនៅផ្សារ ធីខេ អ៊ែវ៉ឺន្យូ (TK Avenue) សម្បូរទៅដោយដើមឈើ និងរុក្ខជាតិនានា។ លោកអ្នកអាចអង្គុយលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ព្រមទាំងងាយស្រួលក្នុងការដើរទិញទំនិញ ទទួលទានអាហារ និងមើលកុនជាមួយមនុស្សជាទីស្រឡាញ់យ៉ាងពេញចិត្តផងដែរ។ ផ្សារ ធីខេ អ៊ែវ៉ឺន្យូ មានបណ្ដុំហាងទាំងអស់ចំនួន39ហាង ដូចជា ភោជនីយដ្ឋាន ហាងលក់អាហារសម្រន់ ហាងកាហ្វេ តែគុជ ហាងទំនិញ ហាងលក់សម្លៀកបំពាក់ ស្បែកជើងកាបូប ហាងលក់គ្រឿងសម្អាង ហាងម៉ាស្សាមុខឱសថស្ថាន ហាងលក់សម្ភារអេឡិចត្រូនិកក្នុងផ្ទះ រោងកុន និងហាងសាឡនជាដើម។ ផ្សារធីខេ អ៊ែវ៉ឺន្យូ បើកបម្រើជូនអតិថិជនទាំងអស់ជារៀងរាល់ថ្ងៃ ពីម៉ោង8ព្រឹក ដល់10យប់។ ចំណែកហាងកាហ្វេវិញគឺបើកតាំងពីម៉ោង6ព្រឹកទៅ ដើម្បីបំពេញតាមត្រូវការរបស់អតិថិជន។ ផ្សារធីខេ អ៊ែវ៉ឺន្យូ រៀបចំដេគ័រតាមបែបអាស៊ីលាយបញ្ចូលគ្នាជាមួយរចនាបទរបស់ប្រទេសនៅប៉ែកអឺរ៉ុប ដោយផ្តោតទៅលើផ្នត់គំនិតសួនលំហែកាយបែបធម្មជាតិ ដែលកសាងឡើងដោយសា្ថបត្យករខែ្មរយើងតែម្តង។
ផ្សារ ធីខេ អ៊ែវ៉ឺន្យូ គឺជាផ្សារដែលប្រមូលផ្ដុំទៅដោយហាងយីហោក្នុងស្រុក និងអន្ដរជាតិល្បីៗ ដើម្បីផ្ដល់ជូននូវផលិតផល និងសេវាកម្មជាច្រើនប្រភេទយ៉ាងសម្បូរបែបនៅក្នុងទីតាំងតែមួយ៕