ស្របពេលដែលសមាជិកដែលឈ្នះពាន World Cup របស់ពួកគេអវត្តមានសម្រាប់យុទ្ធនាការនៅរុស្ស៊ី ក្រុមតារាឆ្នើមក្មេងៗទើបតែរះថ្មីរបស់អាល្លឺម៉ង់ កំពុងតែសប្បាយចិត្តចំពោះឱកាសរបស់ពួកគេក្នុងការបានបង្ហាញសមត្ថភាពក្នុងព្រឹត្តិកាណ៍ Confederations Cup មុនពេលប៉ះជាមួយនឹងក្រុមជើងខ្លាំង ស៊ីលី ក្នុងការប្រកួតពូល B នៅរាត្រីនេះ។
មិនមានសមាជិករូបណាម្នាក់ដែលបានឈ្នះពាន World Cup ឆ្នាំ2014 ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសប្រេស៊ីល មានវត្តមានក្នុងក្រុមរបស់លោក Joachim Loew ក្នុងប្រទេសរុស្ស៊ីពេលនេះឡើយ ដោយសារកីឡាករខ្លះចូលនិវត្តន៍ ខ្លះរបួស និងខ្លះទៀតត្រូវអនុញ្ញាតឲ្យសម្រាក។ ក្រោយពីជួបភាពត្រដាបត្រដួសក្នុងក្រុម Schalke ខ្សែបម្រើកណ្តាល Leon Goretzka គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលទទួលបានឱកាសចូលលេង ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ 3-2 លើក្រុមជម្រើសជាតិអូស្ត្រាលី។ រូបគេបានរកគ្រាប់បាល់បញ្ចូលទី ទី3 ក្នុងការប្រកួតពូល B ក្រោយពីការបញ្ជូនបាល់ឱ្យយ៉ាងល្អពីសំណាក់កីឡាករ Joshua Kimmich ក្រោយពីប្រធានក្រុម Julian Draxler បានរកគ្រាប់បាល់ទី2 ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងទីក្រុងសូជី។
ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមដែលប្រជុំដោយកីឡាករវ័យក្មេងរបស់អាល្លឺម៉ង់នេះបានដឹងយ៉ាងច្បាស់ហើយថា ពួកគេត្រូវតែបង្កើនទម្រង់លេងបន្ថែមទៀត ខណៈដែលពួកគេត្រូវត្រៀមជួបជាមួយនឹងជើងខ្លាំងស៊ីលី នៅរាត្រីនេះ ក្នុងទីក្រុង Kazan។ ខ្សែការពារស្លាបស្តាំ Kimmich វ័យ 22ឆ្នាំរបស់ក្លិប Bayern Munich បានឲ្យដឹងថា៖ «យើងមិនអាចធ្វើឲ្យមានកំហុសនៅពេលប្រកួតជាមួយនឹងក្រុមស៊ីលីបានឡើយ ហើយយើងត្រូវតែមានប្រសិទ្ធភាពក្នុងតំបន់ប្រយុទ្ធ»។
ស្របពេលមួយគ្នានេះដែរ លោក Loew បានធ្វើការព្រមានដល់ក្រុមកីឡាករវ័យក្មេងរបស់ខ្លួនថា ពួកគេត្រូវតែផ្តោតអារម្មណ៍ឲ្យបានរយៈពេល90នាទី មិនមែន 60នាទី ដូចដែលពួកគេបានធ្វើនៅពេលប្រកួតជាមួយនឹងក្រុមអូស្ត្រាលីនោះទេ។ស៊ីលី ឈានទៅកាន់ការប្រកួតនេះ ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិកាមេរូន 2-0 ក្នុងការប្រកួតបើកឆាកនៃពូល B។
គួររំឭកដែរថា ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានទទួលជ័យជម្នះរាល់ការជួបគ្នាទាំង4លើករវាងក្រុមទាំងពីរក្នុងរយៈពេល40ឆ្នាំចុងក្រោយនេះ។ ការជួបគ្នាចុងក្រោយបំផុតរវាងក្រុមទាំងពីរបានកើតឡើងកាលពីឆ្នាំ2014 ដែលនៅពេលនោះគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Mario Goetze បានជួយឲ្យអាល្លឺម៉ង់ទទួលជ័យជម្នះ 1-0 ក្នុងការប្រកួតមិត្តភាពនៅទីក្រុង Stuttgart។ ការប្រកួតដ៏គួរឱ្យរំភើបនេះ នឹងចាប់ផ្តើមនៅម៉ោង1រំលងអធាត្ររាត្រីនេះ៕
ប្រភពពី៖ Sports.yahoo