កាលពីឆ្នាំមុន ហ្វាំងឡង់បានក្លាយជាប្រទេសដ៏ល្បីល្បាញមួយផ្នែកអប់រំ ដែលពិភពលោកស្ងើចសរសើរព្រោះប្រទេសនេះបានទទួលចំណាត់ថ្នាក់លេខ1 ផ្នែកអប់រំ។ នៅឆ្នាំ 2019 នេះប្រទេសហ្វាំងឡង់បានបង្កើតកំណត់ត្រាល្អបំផុតថ្មីមួយទៀតរបស់ខ្លួន គឺបានក្លាយជាប្រទេសដែលប្រជាជនមានសេចក្តីសុខបំផុតលើពិភពលោក។នេះបើយោងតាមរបាយការណ៍សុភមង្គលពិភពលោកប្រចាំឆ្នាំ2019 (WorldHappiness Report 2019)។
ហ្វាំងឡង់ ហាក់ដូចជាប្រទេសអច្ឆរិយៈមួយដែលអាចអភិវឌ្ឍខ្លួនបានល្អឥតខ្ចោះពីប្រទេសដែលមានមនុស្សធ្វើអត្តឃាតលំដាប់ថ្នាក់លេខ2 លើពិភពលោកកាលពីប្រមាណជាង 20ឆ្នាំមុន មកជាប្រទេសដែលប្រជាជនមានភាពរីករាយបំផុត។ ការប្រែក្លាយស្ថានភាពបែបនេះ មិនមែនជារឿងងាយនោះទេ តែវាបានកើតឡើងហើយសម្រាប់ប្រទេសមួយនេះ។
មូលហេតុសំខាន់ដែលធ្វើឱ្យមានការកែប្រែប្រកបដោយប្រសិទ្ធភាពខ្ពស់នេះ គឺរដ្ឋាភិបាលបានចាប់ផ្តើមយកចិត្តទុកដាក់ខ្លាំងលើការអប់រំមនុស្ស ទាំងការអប់រំចំណេះជំនាញ និងការអប់រំពីវិធីសាស្ត្ររស់នៅប្រកបដោយភាពស្ងប់សុខ។ ការអប់រំដោយមិនដាក់សម្ពាធ ហើយផ្តល់ឱកាសឱ្យក្មេងៗស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃជីវិត និងសិក្សាតាមក្តីស្រឡាញ់ត្រូវបានគេដាក់ឱ្យអនុវត្តនៅគ្រប់គ្រឹះស្ថានអប់រំទាំងអស់នៅក្នុងប្រទេស។ លើសពីនេះទៅទៀត ស្ថាប័នអប់រំរបស់ប្រទេសនេះ ក៏បានបង្រៀនមនុស្សឱ្យចាប់ផ្តើមចេះសហការល្អ និងកាត់បន្ថយការប្រកួតប្រជែង ដែលធ្វើឱ្យមនុស្សចាប់ផ្តើមមានស្មារតីចេះជួយគ្នាកាន់តែច្រើនឡើង និងមិនចង់មានចង់បានហួសហេតុ រហូតដល់កេងប្រវ័ញ្ចគ្នាទៀតផង។
បន្ទាប់ពីការអប់រំ ប្រជាជននៅប្រទេសហ្វាំងឡង់ ចាប់ផ្តើមចេះស្វែងរកសេចក្តីសុខជាមួយធម្មជាតិ ហើយរីករាយជាមួយនឹងអាកាសធាតុត្រជាក់ក្នុងសហគមន៍របស់ពួកគេ។ ប្រជាជនចេះសម្របខ្លួនបានល្អ ហើយថែរក្សាធម្មជាតិ ដែលធ្វើឱ្យបរិស្ថានជុំវិញខ្លួនពោរពេញដោយភាពស្រស់ស្រាយ និងគ្មានការបំផ្លិចបំផ្លាញធម្មជាតិដើម្បីអភិវឌ្ឍន៍ឡើយ ព្រោះពួកគេយល់ថា ការអភិវឌ្ឍ គឺដើម្បីសេចក្តីសុខ ហេតុនេះប្រសិនបើគេស្រឡាញ់ធម្មជាតិ ការថែរក្សាទ្រង់ទ្រាយដើមនៃធម្មជាតិ គឺជាសេចក្តីសុខដែលគ្មានអ្វីមកជំនួសបានឡើយ។
ក្រៅពីនេះ អ្វីដែលប្រទេសដ៏អស្ចារ្យនេះអាចធ្វើបាន គឺការពង្រឹងប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈ ដោយការកាត់បន្ថយអំពើពុករលួយជាអតិបរមា ហើយផ្តល់ជូននូវសេវាសាធារណៈល្អឥតខ្ចោះដែលសូម្បីតែសេវាឯកជននៃប្រទេសមួយចំនួនក៏មិនអាចធ្វើបានល្អដូចផង។ ចាប់ផ្តើមពីភាពប្រសើរឡើងនៃសេវាសាធារណៈធ្វើឱ្យប្រជាជនចាប់ផ្តើមជឿទុកចិត្តកាន់តែខ្លាំងលើរដ្ឋបាលតំបន់របស់គេ ហើយរីករាយសហការដើម្បីផ្តល់ពន្ធ បើទោះបីជាពន្ធលើផ្នែកខ្លះមានតម្លៃថ្លៃក៏ដោយ ជាពិសេសពន្ធលើប្រព័ន្ធសន្តិសុខសង្គម។
បន្តិចម្តងៗ ប្រជាជននៃប្រទេសហ្វាំងឡង់ចាប់ផ្តើមទម្លាប់រស់នៅដោយភាពស្កប់ស្កល់ និងឈានជំហានជាបន្តបន្ទាប់ទៅជួយអ្នកដទៃឱ្យបានច្រើនថែមទៀត។ ប្រជាជនមិនសូវខ្វល់ពីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ តែគេមានទម្លាប់ជួយគ្នា និងថែរក្សាសម្បត្តិសាធារណៈបានល្អ។
គួរបញ្ជាក់ផងដែរថា របាយការណ៍សុភមង្គលពិភពលោកប្រចាំឆ្នាំ2019 (World Happiness Report2019) បានវាយតម្លៃប្រទេសនីមួយៗលើពិភពលោកដោយផ្តោតលើចំណុចសំខាន់មួយចំនួនដូចជា ប្រាក់ចំណូលរបស់ប្រជាជន សេរីភាព ការជឿទុកចិត្ត សុខភាព និងអាយុសង្ឃឹមរស់ (life expectancy) ការគាំទ្រពីសង្គម និងសមភាពយេនឌ័រក្នុងសង្គម។
នៅក្នុងតារាងប្រទេសដែលមានសុភមង្គលបំផុតលើពិភពលោកនៅឆ្នាំនេះ គឺប្រទេសហ្វាំងឡង់ឈរនៅលំដាប់ថ្នាក់លេខ1។ ប្រទេសដាណឺម៉ាកឈរនៅលំដាប់ថ្នាក់លេខ2 ន័រវេយ៍ឈរនៅលំដាប់ថ្នាក់លេខ3 អៀកឡង់ឈរនៅលំដាប់ថ្នាក់លេខ4 ប្រទេសហូឡង់ឈរនៅលំដាប់ថ្នាក់លេខ5 ប្រទេសស្វ៊ីសស្ថិតនៅលំដាប់ថ្នាក់លេខ6 និងប្រទេសស៊ុយអែតស្ថិតនៅលំដាប់ថ្នាក់លេខ7៕