ក្រោយចេញលក់ទូរស័ព្ទ Galaxy S8 និង S8Plus ជាផ្លូវការកាលពីដើមខែឧសភារួចមក ក្រុមហ៊ុន Samsung បានប្រកាសពីភាពជោគជ័យថ្មីមួយ ដោយគិតត្រឹមចុងខែមិថុនា ឆ្នាំ2017 នេះ ការលក់របស់ទូរស័ព្ទទាំង 2 ម៉ូដែលបានទទួលការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់អ្នកប្រើប្រាស់ជាច្រើនលាននាក់។
តាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុន Samsung កាលពីពេលថ្មីៗនេះបង្ហាញថា ការលក់ Galaxy S8 និង S8Plus បានកើនឡើងដល់ 5 លានគ្រឿងហើយលើទីផ្សារសកល ត្រឹមតែរយៈពេលជិត 2 ខែមកនេះប៉ុណ្ណោះ។ ក្នុងនោះ បើយោងតាមទីផ្សារភាគហ៊ុន Yuanta នៃប្រទេសកូរ៉េ (តាមរបាយការណ៍ The Korea Herald) ក្រុមហ៊ុនបានរំពឹងទុកថា ការលក់នឹងអាចឈានទៅដល់ 50.4 លានគ្រឿង នៅពេញមួយឆ្នាំ 2017 នេះ។ ប្រភពដដែលបានបន្ដទៀតថា ក្នុងចំណោមទូរស័ព្ទទាំង 2 ស៊េរីនេះ ទូរស័ព្ទ S8Plus មានការគាំទ្រច្រើនជាង S8 ធម្មតា ខណៈស្មាតហ្វូននេះ អាចរកចំណូលពីការលក់បានរហូតដល់ 27.1 លានដុល្លាអាមេរិក ស្មើនឹង 54% នៃការលក់សរុប។
លោក Seungho Choi នាយកគ្រប់គ្រងនៃ Samsung សាខាកម្ពុជា បានឱ្យដឹងបន្ថែមថា សម្ទុះនៃការលក់ទូរស័ព្ទ Galaxy S8 និង S8 Plus មានកម្រិតខ្លាំងនៅតាមខេត្តធំៗក្នុងព្រះរាជាណាចក្រកម្ពុជា លើសពីអ្វីដែលក្រុមហ៊ុនបានរំពឹងទុក។ ភាពខ្លាំងនៃការសម្ពោធទូរស័ព្ទ Galaxy S8 គឺការជឿទុកចិត្តពីអ្នកប្រើប្រាស់ខ្មែរជាច្រើនឆ្នាំមកហើយ។
ទូរស័ព្ទ Galaxy S8 និង S8 Plus ជាទូរស័ព្ទដំបូងគេដែលត្រូវបានរចនាទ្បើងដោយបំពាក់នូវអេក្រង់ដ៏ធំភ្លឺច្បាស់ល្អ។ គែមសងខាងនៃទូរស័ព្ទធ្វើពីលោហៈសុទ្ធ និងបំពាក់នូវ Infinity Display ដែលធ្វើឱ្យមានរូបរាងស្អាត និងមានភាពរលោងងាយស្រួលចាប់កាន់ ដែលវាជាដំណោះស្រាយដ៏វិសេសវិសាលមួយដោយបំពាក់នូវប៊ូតុងដែលបង្កប់ក្នុងអេក្រង់៕