តោះមករៀនធ្វើឡាតេក្តៅ ដើម្បីទទួលទាននៅក្នុងគ្រួសារនាពេលព្រឹកដ៏ស្រស់ស្រាយជាមួយនឹងកញ្ញា ឆាន់ គីមញ៉ុង អ្នកជំនាញផ្នែកភេសជ្ជៈ និងកាហ្វេប្រចាំភោជនីយដ្ឋាន សេវេន ប្រាយ សាខាទួលគោក។ សម្រាប់អ្នកដែលចូលចិត្តទទួលទានកាហ្វេ ដែលមានរសជាតិរាងចាស់បន្តិចនោះគឺពិតជាត្រូវចិត្តជាមិនខាន ដូច្នេះសូមរៀនធ្វើទាំងអស់គ្នាដូចតទៅ៖
គ្រឿងផ្សំ
- កាហ្វេ 1សត
– ស្ករកញ្ចប់ តាមចំណង់ចំណូលចិត្ត
– ទឹកដោះគោស្រស់ តាមចំណង់ចំណូលចិត្ត
របៀបធ្វើ
ដំបូងត្រូវស្ទីមទឹកដោះគោស្រស់ឱ្យម៉ដ្ឋល្អ ដោយស្ទីមវាជាមួយម៉ាស៊ីនស្ទីម ហើយបើមានឡើងពពុះ ចូរដួសពពុះចេញ ដើម្បីឱ្យទឹកដោះគោឡើងម៉ដ្ឋល្អ។ បន្ទាប់មកទើបឆុងកាហ្វេចំនួន1សតជាមួយម៉ាស៊ីនឆុងកាហ្វេ រួចចាក់ដាក់ក្នុងកែវថ្មីតូចល្មម។ ជាចុងក្រោយសឹមចាក់ទឹកដោះគោដែលស្ទីមហើយនោះពីលើ និងគូសលម្អរូបភាពផ្សេងៗតាមចំណង់ចំណូលចិត្តជាការស្រេច។ នៅពេលអ្នកទទួលទានឡាតេក្តៅនេះ អ្នកអាចបន្ថែមស្ករសកញ្ចប់ទៅតាមរសជាតិផ្អែម ដែលអ្នកចូលចិត្ត៕