តាមរយៈសារព័ត៌មាន kapook បានចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា ខណៈនេះមន្ត្រីប៉ូលីសគេកូរ៉េកំពុងបើកការស៊ើបអង្កេតប្រមូលភ័ស្ដុតាង និងកសាងសំនុំរឿងករណីរបស់លោក យ៉ាង ហ្សង់ស៊ុក (Yang Hyun-suk) ត្រូវបានចោទប្រកាន់ និងសង្ស័យបានប្រព្រឹត្តិបទល្មើសរកស៊ីផ្លូវភេទ ដឹកញីប្រស៊ីឈ្មោលយកស្រីៗទៅលក់ឱ្យសេដ្ឋីៗនៅបរទេស ។
បើតាមកម្មវិធី Straight របស់ស្ថានីយទូរទស្សន៍ MBC បានអះអាងថា ភ័ស្ដុតាងមួយចំនួនបានបញ្ជាក់ថា លោក Yang Hyun-suk ដែលជាស្ថាបនិកបង្កើតក្រុមហ៊ុនកម្សាន្ដ YG Entertainment ក៏ដូចជាក្រុមហ៊ុនផលិតកម្មលក់ចម្រៀងធំបំផុតនៅប្រទេសកូរ៉េខាងត្បូង សង្ស័យអាចមានជាប់ពាក់ព័ន្ធជាមួយករណីចាប់ និងជួញនារីៗស្រស់ស្អាត យកទៅលក់បម្រើសេវាកម្មផ្លូវភេទនៅបរទេស ដែលក្នុងនោះភាគច្រើនគឺនារីនៅតំបន់អាស៊ី។ បើទោះបីជាខាងផលិតកម្ម YG ចេញការបដិសេធថា មិនបានប្រព្រឹត្តិបទល្មើសខាងលើនោះក្ដី តែសេចក្ដីប្រកាសចាប់ខ្លួនស្ថាបនិករូបនេះក៏ត្រូវបានធ្វើឡើង និងត្រូវអ្នកលេងបណ្ដាញសង្គមធ្វើការវិភាគរិះគន់យ៉ាងមិនសំចៃ។
យ៉ាងណាមិញ កម្មវិធី Straight ក៏បានបញ្ជាក់បន្ថែមថា អ្នកជំនួញមានមុខមាត់នៅក្នុងសង្គមសិល្បៈដូចគ្នានឹងក្រុមហ៊ុន YG មួយរូបបានផ្ដល់ការបញ្ជាក់ថា បុគ្គលរបស់ YG រូបនេះធ្លាប់បានណាត់ជួបមេខ្យល់នៅក្នុងក្លឹបកម្សាន្ដរាត្រី NB ដែលជាក្រុមអ្នកនាំនារីមកបម្រើសេវាកម្មផ្លូវភេទចំនួន៣ដងរួចមកហើយ ហើយនៅក្នុងនោះក៏មានតារាចម្រៀងល្បីៗ មានបុរស 8 នាក់ និងនារី 25 នាក់ ដែលសុទ្ធសឹងតែជានារីមានឈ្មោះល្បីនៅក្នុងពិភពសិល្បៈផងដែ។ បើទោះបីជាមានការសម្ភាសន៍ និងការសង្ស័យករណីខាងលើនេះក៏ដោយ ក៏លោក Yang Hyun-suk នៅបដិសេធថា ខ្លួនគ្មានជាប់ពាក់ព័ន្ធជាមួយករណីខាងលើជាដាច់ខាត។
សូមជម្រាបថា ខណៈនេះខាងមន្ដ្រីប៉ូលីក្រុងសេអ៊ូល ក៏បានប្រាប់សារព័ត៌មានដែរថា ពួកយើងកំពុងតែព្យាយាមទាក់ទងទៅកាន់ស្ថានីយទូរសទ្សន៍ MBC ដើម្បីធ្វើការស៊ើបអង្កេតរកភ័ស្ដុតាងពិតប្រាកដ និងការសហការពីខាងស្ថានីយទូរទស្សន៍ ដើម្បីកសាងសំណុំរឿង និងស្រាយបំភ្លឺរឿងក្ដីបន្ថែមជូនមហាជន ៕