ByteDance ឬ Beijing ByteDance Technology Co Ltd ជាក្រុមហ៊ុនដែលបានបង្កើតកម្មវិធីវីដេអូខ្លីដ៏ពេញនិយម TikTok ត្រូវបានគេដឹងថា មានគម្រោងចង់ផលិតស្មាតហ្វូនថ្មីមួយដោយខ្លួនឯង។
នាយកប្រតិបត្តិ TikTok លោក Zhang Yiming បានឱ្យដឹងថា វាជាក្ដីស្រមៃដ៏សែនឆ្ងាយរបស់យើង ដែលចង់បង្កើតឧបករណ៍ផ្ទាល់ខ្លួន។ យើងដឹងថា វាពិបាកនឹងទៅរួច តែឥឡូវនេះក្ដីស្រមៃនោះកាន់តែចូលកៀកមកជិតហើយ។
ទោះជាយ៉ាងណា រូបរាងស្មាតហ្វូន និងទីតាំងផលិតដែលត្រូវប្រកាសចេញជាផ្លូវការនោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ក៏ប៉ុន្តែយោងតាមប្រភពព័ត៌មានដែលស្និទ្ធនឹងនាយកប្រតិបត្តិរូបនោះបានរាយការណ៍ថា TikTok បានស្នើសុំប័ណ្ណប៉ាតង់ស្មាតហ្វូនរួចរាល់ហើយ។ ដូច្នេះ តើស្មាតហ្វូន TikTok នឹងមានរូបរាង និងលក្ខណសម្បត្តិយ៉ាងណានោះ សូមរង់ចាំមើលទាំងអស់គ្នា៕