ដោយសារតែភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងនៅរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញបានរៀបចំប្រព័ន្ធលូថ្មី នៅតាមតំបន់មួយចំនួនដើម្បីបញ្ចៀសការលិចលង់រយៈពេលវែង។
ថ្មីៗនេះសាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងហាមមិនឱ្យប្រជាជនធ្វើដំណើរឆ្លងកាត់ស្ពានសឡា តាមបណ្តោយផ្លូវលេខ 5C ចាប់ពីផ្លូវលេខ271 ដល់ស្ថានីយប្រេងឥន្ធនៈតេលា ស្ថិតនៅក្នុងព្រំប្រទល់ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដើម្បីរៀបចំប្រព័ន្ធលូថ្មីដែលមានសភាពចាស់ទ្រុឌទ្រោម និងមានទំហំតូចដែលធ្វើឱ្យស្ទះផ្លូវទឹកប្រឡាយស្ទឹងមានជ័យ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមបិទមិនឱ្យរថយន្តចេញចូលរយៈពេល 70ថ្ងៃ ហើយនឹងចាប់ផ្តើមបើកឡើងវិញក្រោយពេលការដ្ឋានសាងសង់រួចរាល់។
ប្រព័ន្ធលូថ្មីនេះមានប្រអប់មេកាត់ទទឹងផ្លូវលេខ 5C ទំហំមុខកាត់ 2.5ម៉ែត្រ x 2.5ម៉ែត្រ ចំនួន 3ជួរ ភ្ជាប់ពីប្រឡាយស្ទឹងមានជ័យ ដើម្បីរំដោះទឹកចេញពីតំបន់ខាងកើត និងខាងត្បូងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាពិសេសតំបន់ផ្លូវ 2004 ផ្លូវសឡា ផ្លូវណត់ប្រ៊ិត និងផ្លូវឌួងងៀប៕