ការរៀបចំឯកសារទិញយានយន្ត ជារឿងលំបាកមួយដែលប្រជាជនភាគច្រើនសុទ្ធតែជួបប្រទះ ព្រោះត្រូវរត់ចុះឡើងទៅស្ថាប័នច្រើនទម្រាំនឹងប្រមូលបានឯកសារគ្រប់ ហើយបំពេញតាមលក្ខខណ្ឌច្បាប់ពេញលក្ខណៈ។
ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារបានជួបពិភាក្សាពីនីតិវិធីរួម ក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រា។
ជាលទ្ធផលនៃកិច្ចប្រជុំកាលពីថ្ងៃទី 27 ម្សិលមិញនេះ បានសម្រេចលើការឯកភាពធ្វើនីតិវិធីរួមផ្ទេរសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រានៅកន្លែងតែមួយ។ គោលដៅសំខាន់នៃការរៀបចំនីតិវិធីបែបនេះ គឺដើម្បីបង្កភាពងាយស្រួលដល់ប្រជាជន និងចំណាយពេលវេលាតិច តែទទួលបានប្រសិទ្ធភាពខ្ពស់។ ភាគីទាំង2 សង្ឃឹមថា លំហូរចរន្តធ្វើដំណើរការតាមប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការអនុវត្តនីតិវិធីនៃការផ្ទេរសកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រានេះនឹងដំណើរការយ៉ាងរលូន ហើយជួយចូលរួមដល់ការពង្រឹងការគ្រប់គ្រងយានយន្ត និងទិន្នន័យសន្តិសុខជាតិបានកាន់តែល្អទៀតផង៕