ភាពយន្ដដែលមិនគួរឱ្យរំលង ”ធាតុយាយខ្ញុំ” ដែលកំពុងត្រៀមដាក់បញ្ចាំងនៅលើផ្ទាំងសំពត់សគ្រប់រោងភាពយន្ដនៅថ្ងៃទី 30 ខែឧសភា នេះពិតជាខកខានមិនឡើយ។ ភាពយន្ដនេះត្រូវបានសម្រិតសម្រាំងទាំងតួអង្គ ទីតាំងថត បច្ចេកទេសសំឡេង ដែលមានគុណខ្ពស់ និងមានចំនុចពិសេសបន្ថែមទៀតនៃសាច់រឿង ក៏ពិតជាធ្វើឱ្យទស្សនាហើយចំណេញបានច្រើន។ លោក ស៊ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យ បានអះអាងថា ភាពយន្ដល្អមួយនេះ មានចំនុចពិសេសៗសំខាន់ៗដល់ទៅ ៤ចំនុច ដែលក្រុមផលិតករចង់បង្ហាញដល់អ្នកទស្សនា។
ឮលោក ស៊ុម ភារិន បន្តថា ភាពយន្តមួយនេះ មានចំណុចសំខាន់4 គឺកំប្លែង ភ័យរន្ធត់ កម្សត់ និងអប់រំ ដែលក្នុងមួយរឿងនេះ យោងលើទេពកោសល្យសម្ដែងដ៍ល្អ របស់ អ្នកនាង ស្វែង សុជាតា នាយគ្រឿន និងតួអង្គផ្សេងទៀត បូករួមទាំងក្មេងៗផង លោកកាន់តែពេញទំហឹង ថាភាពយន្តរឿង”ធាតុយាយខ្ញុំ” នឹងក្លាយជាភាពយន្តដែលមានការចាប់អារម្មណ៍ខ្ពស់មួយ ស្របគ្នាដែលផ្នែកបច្ចេកទេស និង ស្ដង់ដារផលិត ក៍ត្រូវបានសម្រាំងលើសពីរឿងមុនៗដាច់ឆ្ងាយ។
សូមជម្រាបថា តាមរយៈ Trailer ក្នុងរឿង”ធាតុយាយខ្ញុំ” ក៏បានបង្ហាញយ៉ាងច្បាស់ថា តារាសម្ដែងអ្នកនាង ស្វែង សុជាតា គឺជាតួឯកស្រី ដោយអ្នកនាងត្រូវបានផលិតករ គឺលោក ស៊ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យភាពយន្ត ឱ្យសម្ដែងជាតួកូនស្រីមេម៉ាយវ័យជ្រេ ចង់បានតែទ្រព្យសម្បត្តិហើយនៅពេលដឹងថាម្ដាយចែកទ្រព្យឱ្យខ្លួនមិនស្មើប្អូនៗ ក៏ប្រើចរឹតពិលពុលទុកឱ្យម្ដាយស្លាប់ទាំងបិទភ្នែកមិនជិត ហើយព្រលឹងម្ដាយក៏ក្លាយជាវិញ្ញាណកាចសាហាវ លងបន្លាចពេញក្នុងផ្ទះ។ អ្នកនាងត្រូវបានគេអះអាងថា បានសម្ដែងជាកូនស្រីច្បងរមិលគុណ ហើយទីបំផុតដោយសារតែចិត្តលោភលន់ ដែលកើតពីភាពច្រណែន ទើបធ្វើឱ្យគ្រួសារទាំងមូលមានវិបដិសារី។
លោក ស៊ុម ភារិន បានបញ្ជាក់ផងដែរថា តារាជើងចាស់វ័យជ្រេមិនសុទ្ធតែមិនអាចឱ្យសម្ដែងជាតួឯកនោះទេ សំខាន់អោយតែសាច់រឿងនោះ តម្រូវឱ្យត្រូវនឹងវ័យរបស់តារាជើងចាស់នោះ? លោកថា អ្នកស្រីត្រូវបានជ្រើសឱ្យដើរតួឯក ដោយសារតែតួអង្គក្នុងរឿង”ធាតុយាយខ្ញុំ” សំដៅត្រូវស្ត្រីវ័យជ្រេ ហើយសមនឹងការជ្រើសឱ្យអ្នកនាងស្វែង សុជាតា ជាតួឯក។ ក្នុងនោះ តារាកំប្លែង នាយគ្រឿន ក៏ជាតួអង្គឯក ដែលរំលេចផ្ទៃរឿងឱ្យសើចសប្បាយផងដែរ ដែលមានន័យថា ក្រៅពីឈុតឆាកភ័យរន្ធព្រឺព្រួចឆ្អឹងខ្នង ឈុតកម្សត់ និងខ្លឹមសារអប់រំពាក់ព័ន្ធនឹងការរមិលគុណឳពុកម្ដាយ ឈុតឆាកកំប្លែង ជាល្បោយសំខាន់មួយ មិនអាចខ្វះបាន។ លោករំពឹងយ៉ាងខ្លាំងថាភាពយន្តរឿង”ធាតុយាយខ្ញុំ ” នឹងទទួលបានការគាំទ្រពេញទំហឹង នៅថ្ងៃដាក់បញ្ចាំងលក់សំបុត្រ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី30 ចុងខែឧសភា ដ៏ខ្លីនេះ៕