ក្លិប Bayern Munich បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិបារាំងដ៏មានឥទ្ធិពល Corentin Tolisso សម្រាប់តម្លៃខ្លួនជាកំណត់ត្រាក្នុងក្របខ័ណ្ឌ Bundesliga ដែលមានចំនួន 41.5លានអឺរ៉ូ (ស្មើនឹង 46.8លានដុល្លារអាមេរិក) ពីក្លិប Lyon កាលពីថ្ងៃពុធ។
Bayern បានឲ្យដឹងថា Tolisso វ័យ 22ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5ឆ្នាំ ស្របពេលដែលក្លិប Lyon បានប្រកាសពីតម្លៃខ្លួននៃការផ្ទេរនេះ និងបានបញ្ជាក់ថា ការបន្ថែមប្រាក់ឧបត្ថម្ភផ្សេងៗ អាចនឹងធ្វើឲ្យតម្លៃខ្លួនរបស់ Tolisso កើនឡើងក្នុងទឹកប្រាក់ 6លានអឺរ៉ូ បន្ថែមទៀត។
Tolisso បានប្រាប់គេហទំព័ររបស់ក្លិបនេះថា៖ «ខ្ញុំមានពេលវេលាដ៏អស្ចារ្យជាមួយនឹងក្លិប Lyon ហើយខ្ញុំពិតជាថ្លែងអំណរគុណចំពោះពេលវេលានោះ។ ខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតនៅក្នុងក្លិបមួយក្នុងចំណោមក្លិបដ៏ខ្លាំងបំផុតនៅអឺរ៉ុប។ ខ្ញុំមានគោលបំណងដ៏អស្ចារ្យសម្រាប់ពេលវេលារបស់ខ្ញុំនៅឯ FC Bayern នេះ។ ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ»។ Tolisso ដែលបានចូលរួមជាមួយនឹង Lyon តាំងពីមានវ័យ 13ឆ្នាំនោះ បានធ្វើការបង្ហាញខ្លួនជាលើកដំបូងរបស់គេក្នុងក្រុមឈុតធំ កាលពីឆ្នាំ 2013 និងបានបន្តលេងរហូតបានដល់ទៅ 60ប្រកួត ក្នុងនោះរាប់បញ្ចូលទាំងការប្រកួត32លើកក្នុងក្របខ័ណ្ឌ Champions League និង Europa League ផងដែរ ដោយបានស៊ុតបាល់បញ្ចូលទី29គ្រាប់។ រូបគេក៏ជាគោលដៅមួយសម្រាប់ក្លិប Chelsea ផងដែរ។
លោក Karl-Heinz Rummenigge ប្រធានក្លិប Bayern បានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់ដែលយើងអាចចុះហត្ថលេខាជាមួយនឹងកីឡាករវ័យក្មេងម្នាក់ និងជាកីឡាករដ៏គួរឲ្យចាប់អារម្មណ៍ម្នាក់ នៅមុនពេលយុទ្ធនាការដ៏ស្វិតស្វាញមួយ។ Corentin Tolisso គឺជាគោលដៅរបស់លោកគ្រូបង្វឹក Carlo Ancelotti សម្រាប់តំបន់បម្រើរបស់យើង»៕
ប្រភពពី៖ FOXSports