ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ បានក្លាយជាក្រុមទី2ក្នុងការឈ្នះសិទ្ធិទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup ជុំផ្តាច់ព្រ័ត្រនៅឆ្នាំក្រោយ បន្ទាប់ពីពួកគេបានផ្តួលក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ក្នុងលទ្ធផល 2-០ ក្រោយពីមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធ Sardar Azmoun និង Mehdi Taremi នាកីឡដ្ឋាន Azadi កាលពីថ្ងៃចន្ទ។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅពាក់កណ្តាលតង់ទី1របស់ Azmoun បានជួយឲ្យក្រុមជម្រើសជាតិអ៊ីរ៉ង់ ស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ការឈ្នះសិទ្ធិទៅលេងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ2018 ក្នុងប្រទេសរុស្ស៊ី នៅមុនពេល Taremi បានបន្ថែមគ្រាប់បាល់ទី2នៅរយៈពេល2នាទីចុងក្រោយ ធ្វើឱ្យអ៊ីរ៉ង់ បានឈានទៅកាន់យុទ្ធនាការ World Cup ពីរលើកជាប់ៗគ្នាជាលើកទីមួយ។ ក្រុមម្ចាស់ជើងឯកទ្វីបអាស៊ី3សម័យកាលមួយនេះ ដែលបានស៊ុតបាល់ប៉េណាល់ទីមិនចូលទី1គ្រាប់ផងដែរនោះ នឹងចូលរួមជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល ក្នុងនាមជាក្រុមដែលឈ្នះសិទ្ធិទៅប្រកួតមកទល់ពេលនេះ ក្រោយពីអ៊ីរ៉ង់ បានឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការ World Cup ជាលើកទី5របស់ខ្លួន។ ជ័យជម្នះនេះមានន័យថា ក្រុមអ៊ីរ៉ង់របស់លោកគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Carlos Queiroz នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ1 ឬលេខ2ក្នុងពូល A នៃការប្រកួតជម្រុះជុំចុងក្រោយក្នុងតំបន់អាស៊ី។
ក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន កំពុងតែដេញតាមពីក្រោយក្រុមកំពុងនាំមុខមួយនេះ8ពិន្ទុ ក្នុងចំណាត់ថ្នាក់លេខ3 ខណៈដែលនៅសល់ការប្រកួតត្រឹមតែ2លើកទៀតប៉ុណ្ណោះ។ ក្រុមឈរលេខ1 និងលេខ2 ពីពូលទាំងពីរនេះក្នុងវគ្គជម្រុះនៅអាស៊ី នឹងឈានទៅប្រកួត World Cup ដោយស្វ័យប្រវត្តិ ខណៈដែលក្រុមឈរលេខ3 នឹងត្រូវធ្វើការប្រកួតវគ្គ Playoff៕
ប្រភពពី៖ Eurosport.com