Nokia X71 ជាស្មាតហ្វូនដំបូងគេដែលប្រើរចនាប័ទ្មចោះរន្ធលើអេក្រង់ដូចជាស្មាតហ្វូន Samsung។ ស្មាតហ្វូននេះមានបំពាក់អេក្រង់ប្រភេទ FHD+ ទំហំ 6.39អ៊ីញ ដែលលាតសន្ធឹងរហូតដល់ 93% និងមានកាមេរ៉ា Selfie ទំហំ 16MP។ ក្រុមហ៊ុន HMD Global បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនតម្លៃធុនមធ្យមម៉ូដែលថ្មី Nokia X71 រួមគ្នាជាមួយស្មាតហ្វូនលំដាប់កំពូល Nokia 9 PureView នៅលើទឹកដីតៃវ៉ាន់ នាថ្ងៃទី2 មេសា ម្សិលមិញនេះ។
នៅខាងក្នុងមានបំពាក់ដោយបន្ទះឈីប Snapdragon 660 គួបផ្សំដោយ RAM ទំហំ 6GB និងមានអង្គផ្ទុកទំហំ 128GB អាចបន្ថែមទំហំដល់ 256GB ដោយប្រើមេម៉ូរីកាត។ កាមេរ៉ាខាងក្រោយជាប្រភេទកែវលេនស៍ Zeiss ដែលមានកម្រិត 48MP កម្រិត 8MP សម្រាប់ថតរូបបែបធំទូលាយ និងកម្រិត 5MP សម្រាប់វាស់ជម្រៅរូបភាព។
Nokia X71 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie។ ស្មាតហ្វូននេះមានថ្មទំហំ 3500mAh ដែលអាចសាកបំពេញបានលឿនដោយប្រើដុំសាក Fast Charge ដែលមានក្នុងប្រអប់ស្រាប់។ Nokia X71 បានកំណត់តម្លៃលក់ប្រមាណ 385ដុល្លារនៅលើទីផ្សារតៃវ៉ាន់ ដោយនឹងចេញលក់ចាប់ពីថ្ងៃទី30 ខែមេសា។
បើផ្អែកតាមពាក្យចចាមអារ៉ាមកន្លងមក Nokia X71 នឹងចេញលក់លើទីផ្សារសកលដោយប្រើឈ្មោះថា Nokia 8.1 Plus៕