ស្ពានជ្រោយចង្វារចាស់ ឬស្ពានមិត្តភាពកម្ពុជាជប៉ុន នឹងបើកឱ្យដំណើរការនៅរយៈពេល 2ថ្ងៃទៀត នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅថ្ងៃទី 31 ខែមីនា ម្សិលម៉ិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យស្ពានជ្រោយចង្វារចាស់ ដើម្បីត្រៀមសម្ពោធដាក់ដំណើរការនៅថ្ងៃទី03 ខែមេសា ឆ្នាំ2019 ខាងមុខនេះ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនខ្មែរអាចឆ្លងកាត់មុនពេលចូលឆ្នាំខ្មែរខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ថវិកាប្រមាណ 30លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជាដើម្បីជួសជុលស្ពានជ្រោយចង្វារចាស់ឡើងវិញ តែកម្ពុជាប្រើប្រាស់អស់ត្រឹមតែជាង 20លានដុល្លារតែប៉ុណ្ណោះ ដោយលុយសល់ទាំងអស់នឹងយកទៅរៀបចំសួន និងសោភ័ណ្ឌភាពឱ្យកាន់តែប្រសើរ។ ឯកឧត្តមរំពឹងទុកថា ក្រោយពេលបើកឱ្យប្រើប្រាស់ជាផ្លូវការ ប្រជាជនអាចបើកបរបានរហូតដល់ទៅ 4គន្លងលើស្ពានទាំងសងខាង ហើយបានបែងចែកផ្លូវម៉ូតូ និងរថយន្តដាច់ដោយឡែក ដែលអាចនឹងកាត់បន្ថយការកកស្ទះ ហើយធ្វើឱ្យចរាចរណ៍កាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋទាំងពេលបុណ្យទាន និងពេលធម្មតា៕