ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬប្រជាជនគ្រប់គ្នាហៅថាជាស្ពានជ្រោយចង្វារចាស់ នឹងបើកឱ្យដំណើរការចាប់ពីថ្ងៃទី 03 ខែមេសា ឆ្នាំ2019 ខាងមុខ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា នៅថ្ងៃទី 03 ខែមេសា ឆ្នាំ2019 ជាកាលបរិច្ឆេទ បើកដំណើរការឡើងវិញនូវស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វាទី1) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ននៃព្រះរាជាណាចក្រកម្ពុជា។ ការស្តារទ្បើងវិញស្ពានជ្រោយចង្វាចាស់ គឺជាការឆ្លើយតបទៅនឹងសំណើសុំបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់រដ្ឋាភិបាលជប៉ុន ព្រោះ ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង និងមិនមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនសាធារណៈឆ្លងកាត់ទន្លេ។
ឯកឧត្តមបានបន្តទៀតថា ស្ពាននេះមានប្រវែង971មែត្រ ទទឹង13ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6Aក្នុងភូមិសាស្ត្រទឹកដីរាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ភោធឱ្យប្រើប្រាស់ក្នុងឆ្នាំ1963 ក្រោមហិរញ្ញប្បទានឥត សំណងរបស់ប្រទេសជប៉ុន។ ស្ពាននេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ1992 ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរក្សត្រសម្ដេចព្រះបាទព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ។ ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់ មិត្តភាពកម្ពុជា-ជប៉ុនតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ 30លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី15ខែកញ្ញា ឆ្នាំ2017 និងគម្រោងបញ្ចប់នៅថ្ងៃទី14 ខែមិថុនា ឆ្នាំ2019។
គិតរហូតមកដល់ពេលនេះ ការងារស្តារ និងជួសជុលស្ពាននេះឡើងវិញសម្រេចបាន 100ភាគរយហើយ និងគ្រោងបើកឱ្យដំណើរការនៅ 03 ខែមេសា ឆ្នាំ2019 ដើម្បីសម្រួលដល់ការឆ្លងកាត់របស់ប្រជាជននៅឱកាសបុណ្យចូលឆ្នាំខ្មែរ៕