ក្លិប Manchester United ប្រហែលជាមិនអាចផ្តល់កុងត្រាថ្មីមួយដល់ខ្សែប្រយុទ្ធ Zlatan Ibrahimovic ឡើយ។ នេះបើយោងទៅតាមប្រភពផ្សេងៗរបស់ទូរទស្សន៍ Sky Sports។
Man United មានជម្រើសមួយក្នុងការបន្តកិច្ចសន្យារយៈពេល 12ខែទៀតទៅលើកុងត្រារយៈពេល 1ឆ្នាំរបស់ Ibrahimovic ខណៈដែលកុងត្រាចាស់របស់គេនឹងត្រូវផុតកំណត់នៅចុងខែនេះ។ ប៉ុន្តែ បើទោះបីខ្សែប្រយុទ្ធវ័យ 35ឆ្នាំរូបនេះ ចង់បន្តនៅកីឡដ្ឋាន Old Trafford ក៏ដោយ ក៏ប្រភពជាច្រើន បាននិយាយថា ឈ្មោះរបស់គេស្ថិតក្នុងបញ្ជីកីឡាករដែលត្រូវចាកចេញពីក្លិប Man United ដែលនឹងត្រូវចេញផ្សាយដោយក្របខ័ណ្ឌ Premier League នៅថ្ងៃសុក្រនេះ។
Ibrahimovic បានទទួលការវះកាត់យ៉ាងជោគជ័យទៅលើបញ្ហារបួសជង្គង់របស់គេ កាលពីដើមខែឧសភា ហើយក្រុមវេជ្ជបណ្ឌិតបានកោតសរសើរចំពោះការវិវឌ្ឍយ៉ាងឆាប់រហ័សរបស់គេ ប៉ុន្តែ វាត្រូវបានគេរំពឹងទុកថា នៅដើមឆ្នាំ2018 ទើបរូបគេអាចចូលលេងវិញបាន។
ការអនុញ្ញាតឲ្យខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់បានច្រើនជាងគេរូបនេះចាកចេញ នឹងធ្វើឲ្យ Man United ចំណេញប្រាក់ខែជាច្រើន ពោលគឺច្រើនជាង 19លានផោន (ស្មើនឹង 24,3លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ នៅមុនពេលបើកទីផ្សារដោះដូរកីឡាករ។ នេះបើយោងតាមតួលេខដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
Man United ពោរពេញដោយការជឿជាក់ក្នុងការបំពេញការផ្ទេរយកខ្សែប្រយុទ្ធ Alvaro Morata របស់ក្លិប Real Madrid ក្នុងតម្លៃខ្លួន 6០លានផោន (ស្មើនឹង 77លានដុល្លារអាមេរិក) ស្របពេលដែលកីឡាករ Raphael Varane ក៏ស្ថិតក្នុងចំណោមខ្សែការពារដែលត្រូវទិញចូលផងដែរ៕
ប្រភពពី៖ Sky Sports