តារាសម្ដែង និងជាផលិតករភាពយន្តកូរ៉េ Lee Bum Soo បាននិយាយថា តារាឯកប្រុស Rain បានបដិសេធឱកាសសម្ដែងជាតួអង្គក្នុងរឿង X-Men ដោយលោកអាចយកពេលវេលានោះ មកបន្ដសម្ដែងក្នុងខ្សែភាពយន្ដកូរ៉េ ដែលមានចំណងជើងថា «Uhm Bok Dong» វិញ។
នៅក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះ លោក Lee Bum Soo បានបន្ថែមទៀតថា លោកឃើញ Rain ពិតជាបានបង្ហាញនូវទេពកោសល្យសម្តែងខុសប្លែកពីមុនមែន ខណៈដែលគេទាំងពីរកំពុងតែហាត់សមដើម្បីថតរឿងថ្មីនោះជាមួយគ្នា ។ លោកបានបន្ដថា លោកធ្លាប់គិតថា Rain ក៏ដូចជាតារាសម្ដែងធម្មតាទូទៅដែរ ប៉ុន្ដែនៅពេលដែលបានចូលរួមសហការការងារជាមួយគ្នានៅក្នុងរឿងនោះ ទើបលោកកត់សម្គាល់ឃើញថា តារាឯកប្រុសរូបនេះ បានអភិវឌ្ឍខ្លួនទៅជាកំពូលតារាប្រុសដែលមានទេពកោសល្យដ៏ឆ្នើមមួយរូបដែលមានស្នាមញញឹម និងអប្បកិរិយារួសរាយជានិច្ច។
គួរបញ្ជាក់ផងដែរថា តារាឯកប្រុស Rain ត្រូវបានស្នើសុំឱ្យសម្ដែងភាពយន្ដហូលីវូដរឿង X-Men ក្នុងវគ្គថ្មី ដែលវណ្ណកម្មរបស់ផលិតកម្ម Marvel Studio ដែលនឹងគ្រោងថតនៅក្នុងខែកក្កដា ឆ្នាំ២០១៧នេះ តែត្រូវបាន តារាប្រុសរូបសង្ហាដ៏មានប្រជាប្រិយរូបនេះច្រានចោលសំណើនេះជាមុន ដោយសម្រេចចិត្តផ្ដោតទៅលើការថតរឿង “Uhm Bok Dong” វិញដែលនឹងចាប់ផ្តើមថតនៅខែសីហា ឆ្នាំនេះវិញ៕