អស់រយៈពេលជាង 5 ឆ្នាំមកហើយដែលតារាស្រីចាយរាងសិចស៊ីអ្នកនាង កុល ដាវី និងលោក សុខ រក្សា បានរស់នៅជាមួយគ្នាដូចប្តីប្រពន្ធស្របច្បាប់ទៅហើយ ដោយសារតែគេសង្កេតឃើញអ្នកទាំងពីរទៅដល់ទីណាឃើញមានវត្តមានទាំងគូព្រមគ្នាតែម្តង ខណៈដំណឹងភ្ជាប់ពាក្យ និងដំណឹងដឹកដៃគ្នាចូលរោងការស្ថិតក្នុងភាពស្ងាត់ជ្រងំ ក៏ប៉ុន្ដែ ទាំងអ្នកសិល្បៈ និងមហាជនអ្នកគាំទ្រ សុទ្ធតែបានដឹងអំពីទំនាក់ទំនងរបស់ពួកគេ។
នៅពេលថ្មីៗនេះ ស្រាប់តែភ្ញាក់ផ្អើលខ្លាំងបំផុត ដោយគេបានមើលឃើញមិត្តរួមការងាររបស់តារាស្រីរូបនេះអបអរសាទរនិងសប្បាយរីករាយក្រោយឃើញធៀបការរបស់នាងតែម្ដង។ បើតាមគណនីហ្វេសប៊ុកអ្នកនាង កុល ដាវី ក៏បានឃើញបង្ហោះប្រាប់ពីដំណឹងល្អនេះ ដែលគ្រោងរៀបការនៅថ្ងៃទី 08 ខែមីនា ឆ្នាំ 2019 ។ នេះក៏ជាដំណឹងដ៏ល្អសម្រាប់ហ្វេនៗរបស់នាង ក៏ដូចជាកាដូសម្រាប់ពួកគាត់ដែរ។
សូមជម្រាបបន្ថែមថា តារាសម្តែងស្រីឆ្នាស់ កុល ដាវី បានសាងស្នាដៃថ្មីៗ នឹងធ្វើឱ្យទស្សនិកជន ស្អប់ ក្នាញ់ ស្រលាញ់ផង នឹងអាណិតផង។ ស្នាដៃដែល កញ្ញា កុល ដាវី បានបង្ហាញដែលធ្វើឱ្យទស្សនិកជនចងចាំនឹងបំភ្លេចមិនបានកាលពីថ្មីៗនេះ គឺ រឿង ផ្កាថ្ម និងរឿង រវាងយើង។ បើទោះអាយុកាន់តែច្រើនតែសម្រស់ នឹងភាពប៉ិនប្រសព្វនៃការសម្តែងរបស់ កុល ដាវី មិនបានធ្វើឱ្យបងប្អូនអ្នកនិយមរឿងភាគអស់សង្ឃឹមម្តងណាឡើយ ពោលគេតែងនិយាយថា ខ្ញីចាស់កាន់តែហិល មិនតែថាការងារ ការរកស៊ី ស្នេហា គឺ កុល ដាវី មានភាពរលូនទៅមុខជានិច្ច៕