លោក Gianni Infantino ប្រធាន FIFA នឹងត្រូវដឹកនាំក្នុងអាណត្តិទី2 របស់លោក ក្រោយពីអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកបានបញ្ជាក់កាលពីថ្ងៃពុធថា លោកនឹងក្លាយជាបេក្ខភាពតែម្នាក់គត់សម្រាប់ការបោះឆ្នោតនៅខែមិថុនា ខាងមុខនេះ។
បុរសវ័យ 48ឆ្នាំរូបនេះ បានធ្វើជាប្រធានរបស់ FIFA ចាប់តាំងពីខែកុម្ភៈ ឆ្នាំ2016 មកម្ល៉េះ ក្រោយពីបានចូលជំនួសកន្លែងរបស់ប្រធានដែលខូចឈ្មោះលោក Sepp Blatter បន្ទាប់ពីរឿងអាស្រូវពុករលួយដែលបានវាយប្រហារក្នុងអង្គភាពមួយនេះ។ ការបោះឆ្នោតនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី5 ខែមិថុនា ក្នុងទីក្រុងប៉ារីស នៅមុនពេលព្រឹត្តិការណ៍ World Cup។ លោក Ramon Vega អតីតខ្សែការពាររបស់ក្លិប Tottenham បានប្រកាសពីបំណងរបស់លោកក្នុងការឈរឈ្មោះប្រជែងជាមួយនឹងលោក Infantino ប៉ុន្តែមិនបានទទួលការគាំទ្រពីសមាជិកយ៉ាងហោណាស់ 5សំឡេង ក្នុងចំណោមសហព័ន្ធជាសមាជិកទាំង211 របស់ FIFA។
លោក Infantino បានដាក់ចេញនូវផែនការក្នុងការបង្កើនចំនួនក្រុមក្នុងព្រឹត្តិការណ៍ World Cup ពី 32ក្រុម រហូតដល់ 48ក្រុម ចាប់ពីឆ្នាំ2026 ខណៈដែលការពង្រីកចំនួនក្រុមចាប់ពីយុទ្ធនាការឆ្នាំ2022 ក្នុងប្រទេសកាតា ក៏ស្ថិតក្នុងការពិចារណាផងដែរ។ ការសម្រេចចិត្តមួយត្រូវបានគេរំពឹងទុកថា នឹងត្រូវធ្វើឡើងនៅខែមីនា ឆ្នាំក្រោយ ក្រោយពីការសិក្សាមួយទៅលើភាពដែលអាចទៅរួចនៃការរៀបចំយុទ្ធនាការដែលមានការបន្ថែមក្រុមមួយ ក្នុងប្រទេសឈូងសមុទ្រមួយនេះ៕