មួយខែចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានចាប់ផ្ដើមបង្អួតគ្នានូវកុំព្យូទ័រស៊េរីថ្មីៗ ដោយមានបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃទាំងឡាយ ដែលអាចបម្រើសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ ហើយក្រុមហ៊ុន Samsung ក៏មានមួយគ្រឿងនឹងគេដែរ ក្រោយពីទំនេរដៃពីរឿងស្មាតហ្វូន។
ក្នុងព្រឹត្តិការណ៍ពិព័រណ៍ Computex នៅកោះតៃវ៉ាន់ Samsung បានដាក់បង្ហាញនូវម៉ូដែលកុំព្យូទ័រយួរដៃថ្មីមួយដែលមានឈ្មោះថា Notebook 9 Pro ដោយមានលក្ខណៈពិសេសត្រង់មានការភ្ជាប់ប៊ិច S Pen មកជាមួយដែលអាចគូសវាស និងធ្វើកិច្ចការមួយចំនួនទៀតស្រដៀងទូរស័ព្ទត្រកូល Note ដែរ។ មិនតែប៉ុណ្ណោះ Notebook 9 Pro ក៏អាចបត់អេក្រង់បាន 360 ដឺក្រេជាមួយនឹងអេក្រង់ប្រភេទ Touch Screen អាចប៉ះបញ្ជាដោយផ្ទាល់ ឬប្រើប៊ិច S Pen បញ្ជាក៏បានដែរ។ ចំពោះប៊ិច S-Pen អាចទទួលកម្លាំងសង្កត់បានដល់ទៅ 4000 កម្រិត ហើយថែមទាំងបំពាក់ Software ឈ្មោះ Samsung’s Air Command សម្រាប់គូររូប និងកត់ត្រាទៀតផង។ ចំពោះតម្លៃវិញ ក្រុមហ៊ុន Samsung នៅមិនទាន់បញ្ជាក់ប្រាប់នៅឡើយ។
លក្ខណៈសម្បត្តិ
– អេក្រង់ទំហំ 13.3 អ៊ីញ និង 15 អ៊ីញ បំពាក់ CPU Intel Core i7
– RAM ទំហំ 8 GB (13.3 អ៊ីញ) និង RAM ទំហំ 16 GB (អេក្រង់ទំហំ 15 អ៊ីញ) ជាមួយបន្ទះឈីបក្រាហ្វិក AMD Radeon 450
– មេម៉ូរីក្នុងម៉ាស៊ីនទំហំ 256 GB ប្រភេទ SSD
– រន្ធដោត USB-C, USB-A ចំនួន 2 រន្ធ, រន្ធដោត HDMI, រន្ធ Micro SD
– ប្រព័ន្ធប្រតិបត្តិការ Windows 10 Hello៕