លោក Carlos Queiroz គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ បានព្រមានពីការភ្លាត់ស្នៀត ក្រោយពីបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែការធ្លាក់ចេញរបស់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង និងអូស្ត្រាលី បានធ្វើឱ្យក្រុមមានរហស្សនាមថា Team Melli មួយនេះ ជាក្រុមមានប្រៀបដាច់ក្នុងការឈ្នះពាន។
ប៉ុន្តែដំបូងឡើយ ពួកគេត្រូវតែយកឈ្នះលើក្រុមម្ចាស់ជើងឯក 4សម័យកាល ជប៉ុន នៅរាត្រីនេះឱ្យបានជាមុនសិន នៅមុនពេលក្រុមម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួម ជួបជាមួយនឹងក្រុមជម្រើសជាតិកាតា ក្នុងរយៈពេល 24ម៉ោងបន្ទាប់។
ក្នុងពេលស្ថិតក្រោមសម្ពាធក្នុងការឈ្នះពានកីឡាបាល់ទាត់ដ៏ធំបំផុតរបស់អាស៊ីជាលើកទី1 បើគិតចាប់តាំងពីឆ្នាំ1976 ក្រុមជម្រើសជាតិអ៊ីរ៉ង់ បានឈានទៅវគ្គបន្តនៃយុទ្ធនាការនេះយ៉ាងងាយ ខណៈដែលគូប្រជែងខ្លាំងៗរបស់ពួកគេជាច្រើន បានជួបការខកចិត្ត។
ក្រោយពីក្រុមជម្រើសជាតិអ៊ីរ៉ង់បានយកឈ្នះលើក្រុមជម្រើសជាតិចិនក្នុងលទ្ធផល 3-០ ក្នុងវគ្គ 8ក្រុមចុងក្រោយដើម្បីបង្ហាញពីភាពខ្លាំងឱ្យក្រុមជប៉ុនឃើញហើយនោះ លោក Queiroz បានបញ្ជាក់ថា៖ «យើងដឹងថា ត្រីឆ្លាមធំៗនឹងតម្រង់មកកាន់យើង។ អ្វីដែលយើងបានធ្វើនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិចិន នឹងមិនគ្រប់គ្រាន់ឡើយ»។
ស្របពេលជាមួយគ្នានេះ លោកគ្រូបង្វឹក Hajime Moriyasu បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ក្រុមជប៉ុនរបស់លោកនឹងប្រើប្រាស់ផែនការបស់ខ្លួនដូចមុនដដែលក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលជួបជាមួយនឹងក្រុមជម្រើសជាតិអ៊ីរ៉ង់។
ការឈ្នះជាប់ៗគ្នាតាមរយៈការរកបានគ្រាប់បាល់តែ 1គ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងការយកឈ្នះលើក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត បើទោះបីជប៉ុនមានឱកាសគ្រប់គ្រងបាល់ត្រឹមតែ 23ភាគរយ បានបង្កើតឱ្យមានការចងចាំក្នុងយុទ្ធនាការ Euro ឆ្នាំ2004 ដែលនៅពេលនោះក្រុមជម្រើសជាតិក្រិក បានឈ្នះពានដ៏មិននឹកស្មានដល់តាមរយៈការដណ្តើមបានលទ្ធផលស្រដៀងគ្នានេះ៕
ប្រភពពី៖ France24