ខណៈដែលចាត់ទុកខ្លួនឯង ជាមនុស្ស «មានការនឹករឭកយ៉ាងខ្លាំងទៅលើរឿងអតីត» លោក Alberto Zaccheroni គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊េមីរ៉ាតអារ៉ាប់រួម បានព្រមានកាលពីថ្ងៃសុក្រថា ក្រុមម្ចាស់ជើងឯកព្រឹត្តិការណ៍ World Cup មួយនេះ អាចត្រឹមតែផ្តល់ការភ្ញាក់ផ្អើលដល់មនុស្សតិចតួចប៉ុណ្ណោះនៅខែនេះ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ដែលកាលពីមុនបានដឹកនាំឱ្យក្រុមជម្រើសជាតិជប៉ុនឈ្នះពាន Asian Cup បានបញ្ជាក់ថា ក្រុមរបស់លោកនឹងបើកការវាយសម្រុកទៅលើក្រុមជម្រើសជាតិបារ៉ែន ក្នុងការប្រកួតបើកឆាកនៅថ្ងៃសៅរ៍នេះ ក្នុងទីក្រុងអាប៊ីដាប៊ី បើទោះបីជួបការខកចិត្តចំពោះការអវត្តមានរបស់តារាឆ្នើម Omar Abdulrahman ដោយសារតែបញ្ហារបួសក៏ដោយ។
លោក Zaccheroni បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំបានស្ថិតក្នុងការងារនេះសម្រាប់រយៈពេលតិចជាង 1ឆ្នាំ ហើយគោលបំណងគឺការសម្រេចសមិទ្ធផលបានឱ្យល្អបំផុតតាមដែលអាចក្នុង Asian Cup»។
លោកបានប្រាប់បន្តថា៖ «យើងមានបញ្ហារបួសកីឡាករ ប៉ុន្តែ នោះគួរតែមិនមែនជាឧបស័គ្គមួយឡើយ។ ការត្រៀមខ្លួនរបស់យើងស្ថិតក្នុងកម្រិតល្អ ហើយយើងត្រៀមខ្លួនរួចជាល់ក្នុងការចាប់ផ្តើមជាមួយនឹងលទ្ធផលដ៏ល្អបំផុតតាមដែលអាចនៅថ្ងៃស្អែកនេះ»។
លោក Zaccheroni បានបង្កើតកំណត់ត្រាមួយក្នុងយុទ្ធនាការ Asian Cup តាមរយ់ការដឹកនាំឲ្យក្រុមជម្រើសជាតិជប៉ុន ឈ្នះពានប្រចាំទ្វីបមួយនេះ ក្នុងឆ្នាំ2011។
លោកគ្រូបង្វឹកវ័យ65ឆ្នាំរូបនេះ ដែលក៏បានឈ្នះពានក្របខ័ណ្ឌអ៊ីតាលី Serie A ជាមួយនឹងក្រុម AC Milan ដែរនោះ បាននិយាយទាំងញញឹមថា៖ «ការឈ្នះពានបានកើតឡើងកាលពី8ឆ្នាំមុន ហើយខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា មានវ័យចាស់។ ខ្ញុំប្រាកដចិត្តថា អ្នកនឹងឃើញភស្តុតាងបន្ថែមទៀតក្នុងពាន Asian Cup នេះ»៕
ប្រភពពី៖ Channel News Asia