លោក Pep Guardiola បានកោតសរសើរចំពោះការមិនភ័យខ្លាចរបស់តារាឆ្នើមៗរបស់ក្រុម Manchester City ក្រោយពីក្រុមម្ចាស់ជើងឯកមួយនេះ បានរក្សាក្តីសង្ឃឹមនៃការប្រជែងពានក្របខ័ណ្ឌ Premier League តាមរយៈការកត់ត្រាជ័យជម្នះក្នុងលទ្ធផល 2-1 លើក្រុមកំពុងមានពិន្ទុនាំមុខ Liverpool កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមរបស់លោក Guardiola មិនបានធ្វើឱ្យមានកំហុសឡើយ ខណៈដែលការរងបរាជ័យមួយ នឹងធ្វើឱ្យពួកគេដេញតាមពីក្រោយ Liverpool ដល់ទៅ 10ពិន្ទុ និងស្ថិតក្នុងតំបន់គ្រោះថ្នាក់នៃការបាត់បង់ពានដែលពួកគេបានឈ្នះជាមួយនឹងការរកបានពិន្ទុជាកំណត់ត្រាកាលពីរដូវកាលមុន។ ប៉ុន្តែ ពួកគេបានវិលទៅកាន់ការប្រជែងពានវិញ តាមរយៈការធ្វើឱ្យក្រុម Liverpool រងបរាជ័យជាលើកទី1 ក្នុងចំណោមការជួបគ្នា 5លើក តាមរយៈគ្រាប់បាល់បញ្ចូលទីយ៉ាងល្អរបស់ Leroy Sane នៅចុងតង់ទី2។
ខ្សែប្រយុទ្ធ Sergio Aguero បានជួយឱ្យក្រុម Man City មានគ្រាប់បាល់នាំមុខមុនក្នុងតង់ទី1 ហើយបើទោះបី Roberto Firmino បានរកគ្រាប់បាល់តាមស្មើវិញបន្ទាប់ពីចូលលេងក្នុងតង់ទី2 ក៏ដោយ ប៉ុន្តែ Man City បានគ្រប់គ្រងការភិតភ័យរបស់ពួកគេយ៉ាងល្អជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងល្អដែលនាំឱ្យលោក Guardiola អត់មិនសរសើរមិនបាន។
លោក Guardiola បានឱ្យដឹងថា៖ «ខ្ញុំពិតជាមានមោទនភាពចំពោះពួកគេ។ យើងបានដឹងថា វាបានក្លាយជាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃនេះ ហើយប្រសិនបើយើងចាញ់ វាស្ទើរតែបញ្ចប់ទៅហើយ»។
គ្រូបង្វឹករូបនេះបានប្រាប់បន្ថែមទៀតថា៖ «ការកោតសរសើរផ្សេងៗគួរតែធ្លាក់ទៅលើកីឡាករដ៏ឆ្នើមទាំងនេះ។ យើងមានសម្ពាធជាច្រើន ប៉ុន្តែ យើងមិនមានការភ័យខ្លាច យើងមិនមានការបារម្ភអ្វីឡើយ»៕
ប្រភពពី៖ Channel News Asia