អតីតអ្នកដឹកនាំនៅផលិតកម្មសាន់ដេលោក រ៉េត បច្ចុប្បន្នជាអ្នកដឹកនាំនៅផលិតកម្មថោន បានបង្ហាញសារឈឺចាប់មួយ បន្ទាប់ពីលោកបានប្រើជីវិតរួមរស់ជាមួយកញ្ញា យូរី យ៉ាងផ្អែមល្ហែមតាមបែបអនីតិសង្វាស គ្រាដែលលោកបានដឹងថា នាងកំពុងតែស្រវាទៅរកអ្នកថ្មី។
ក្នុងសារនោះលោក រ៉េត បានសរសេរនៅលើបណ្តាញសង្គម Facebook ថា៖ «អូនអើយ យើងនៅជាមួយគ្នា៤ឆ្នាំហើយ ដូចប្តីប្រពន្ធអ៊ីចឹង អ្វីក៏យើងធ្លាប់ធ្វើជាមួយគ្នាដែរ សុខជាជាមួយគ្នា រំភើបលំបាក និងសប្បាយបែបណាក៏យើងហែលឆ្លងអស់ហើយដែរ។ តើហេតុអ្វី ពេលនេះអូនក្បត់បងកើត តើអូនសប្បាយណាស់មែនទេ ដែលបានក្បត់បង សាហាវយ៉ាងនេះ តើពេលនេះបងត្រូវធ្វើបែបណា តើបងអាចសូមរៀបរាប់រឿងយើងទាំងអស់ឱ្យចេញមកដើម្បីបន្ធូរអារម្មណ៍ឈឺចាប់ពេលនេះបានទេ?»
បើទោះជាក្នុងសារមួយនេះលោករ៉េតពុំបានបញ្ជាក់ថា កញ្ញា យូរី កំពុងមានទំនាក់ទំនងស្នេហាជាមួយប្រុសណាក៏ដោយ ក៏ប៉ុន្ដែនៅក្នុងបណ្ដាញសង្គមជាច្រើនបានបញ្ជាក់ថា បុរសជាសង្សារថ្មីរបស់នាងយូរី ដែលស្វាមីមិនស្របច្បាប់របស់នាងកំពុងតែលើកឡើងនេះជាតារាចម្រៀងរូបសង្ហាវ័យក្មេងគឺលោកប៊ីម៉ូហ្នឹងឯង។ ទោះជាព័ត៌មាននេះបានក្លាយជាប្រធានបទយ៉ាងក្ដៅគគុកក៏ដោយ ក៏ប៉ុន្ដែគេមិនទាន់បានទទួលចម្លើយពីសាមីខ្លួន គឺកញ្ញាយូរីនៅឡើយទេ។
ដោយឡែកអ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែន Online បាន Call ទៅលេខទូរស័ព្ទរបស់កញ្ញាយូរី តែមានបុរសម្នាក់ជាអ្នកទទួលជំនួសដោយអះអាងថា ជាហ្វ៊ែនរបស់នាង បានមកលេងផ្ទះរបស់នាងទើបមានទូរស័ព្ទរបស់យូរីនៅក្នុងដៃលោក ដោយពេលនោះលោកកំពុងតែនៅជាមួយម្ដាយមីងរបស់កញ្ញា យូរី។ លោកឆ្លើយបញ្ជាក់ថា លោកមិនដឹងច្បាស់ថាកញ្ញា យូរី បានដឹងអំពីព័ត៌មានដែលចុះផ្សាយពីនាងនៅថ្ងៃនេះឬមិនទាន់នោះទេ? ប៉ុន្ដែកន្លងមកលោកពុំដែលបានដឹងថា នាង (យូរី) មានសង្សារទេ។
គួរបញ្ជាក់ថា កន្លងមកនៅពេលអ្នកសារព័ត៌មានសាកសួរអំពីបញ្ហាស្នេហានាងតែងតែប្រកែកថាគ្មានទំនាក់ទំនងជាមួយបុរសណាម្នាក់ទេ ព្រោះនាងរវល់ជាមួយការងារសិល្បៈស្ទើរតែរកពេលសម្រាកមិនបានផង មានពេលឯណាមកសប្បាយជាមួយរឿងស្នេហា។
ទោះជាយ៉ាងណាតារាចម្រៀងវ័យក្មេងដែលត្រូវបានលោករ៉េតចោទប្រកាន់ថា ជាសង្សារថ្មីរបស់យូរី គឺលោកប៊ីម៉ូ បានសរសេរសារតាមរយៈហ្វេសប៊ុកបង្ហាញពីអារម្មណ៍ខ្លួនដោយបានលើក ឡើងថា ប្រសិនបើប្រុសម្នាក់នោះជាបុរសល្អ មិនមែននារីម្នាក់នោះគេបោះបង់ចោលទេ ព្រោះរយៈពេល៤ឆ្នាំហើយដែលនាងត្រូវរស់នៅក្រោមគំនាប ការគំរាមកំហែង និងអំពើហិង្សា។ ទោះជាយ៉ាងណាយើងស្វាគមន៍ជានិច្ចនូវការបកស្រាយអំពីសាមីខ្លួន គឺកញ្ញាយូរី៕