តារាកំប្លែងដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសថៃ លោកកូទី បានមកដល់ប្រទេសកម្ពុជាជាលើកទីពីរដើម្បីថតស្ពតពាណិជ្ជកម្មមួយក្រោយនិយាយត្រូវរ៉ូវគ្នា។ តារាកំប្លែងរូបនេះ បានធ្វើដំណើរមកកាន់កម្ពុជា ជាមួយនិង យាយគ្រវីសក់ កាលពីថ្ងៃទី ២១ ខែធ្នូ នេះ។
លោកកូទី បានឱ្យអ្នកយកព័ត៌មានយើងដឹងថា លោកមានភាពសុខសប្បាយហើយមានការនឹករឭកដល់អ្នកគាំទ្រខាងកម្ពុជា។នេះជាលើកទី២មកដល់ភ្នំពេញ។ លោកមកលើកនេះដើម្បីថតស្ពតពាណិជ្ជកម្មឱ្យភេសជ្ជៈ លើសពីនេះលោកសប្បាយចិត្តបានសម្តែងរួមការងារជាមួយនាយគ្រឿនជាតារាកំប្លែងនៅកម្ពុជា។ កូទី បន្ថែមថា មុនឈានជើងចូលទឹកដីភ្នំពេញ កន្លងមកលោកធ្លាប់គិតថា កម្ពុជាគឺជាប្រទេសមួយមានការរីកចំរើនបែបលក្ខណៈសម័យបុរាណព្រោះជាទឹកដីអង្គរ។ តែអ្វីដែលលោក គិតនិងស្រមើលស្រម៉ៃខុសហួសពីការស្មានដោយសារតែប្រទេសអច្ឆរិយមួយនេះមានភាពជឿនលឿនមិនខុសពីប្រទេសដែលនៅជិតខាងឡើយ។
លោកបញ្ជាក់ថា ពេលខ្ញុំចុះពីលើយន្តហោះភ្លាម ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះមិននឹកស្មានថាកម្ពុជារីកចំរើនហើយមានអគារខ្ពស់ស្កឹមស្កៃដូច្នេះនោះទេ។ ឯផ្សារទំនើបក៏ច្រើនគ្រប់យ៉ាងគឺខុសពីខ្ញុំគិតទាំងអស់។ បើតាមការបញ្ជាក់យាយគ្រីវីសក់ថា នឹងជួបគ្នាម្ដងទៀតជាមួយ តារាកំប្លែង កូទី ដែលគ្រោងត្រៀមបង្ហាញខ្លួន ក្រវីសក់ជាមួយគ្នា នៅថ្ងៃសម្ពោធរឿង « ខ្មោចត្រឡោកបែក » នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ៕