ក្រោយដឹងលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិហើយ មានសិស្សានុសិស្សជាច្រើនបារម្ភ និងខ្វាយខ្វល់ពីការជ្រើសរើសមុខវិជ្ជាសិក្សានៅក្រៅប្រទេស ស្របពេលដែលសិស្សមួយចំនួនផ្សេងទៀតបានត្រៀមខ្លួនជាស្រេច សម្រាប់ការកសាងក្តីស្រមៃលើមុខជំនាញដែលខ្លួនចង់រៀនតែព្រួយបារម្ភពីលទ្ធភាពក្នុងការប្រឡងជាប់ទៅវិញ ព្រោះពួកគេចង់បន្តការសិក្សានៅបរទេស។ សាស្ត្រាចារ្យផ្នែកគ្រប់គ្រង លោក គុណ វិជ្ជាបានលើកឡើងថា សម្រាប់អ្នកចង់ប្រឡងទៅសិក្សានៅបរទេសក្នុងកម្រិតបរិញ្ញាបត្រ ចាំបាច់ត្រូវតែមានការត្រៀមខ្លួនល្អទាំងចំណេះដឹងទូទៅ និងចំណេះដឹងផ្នែកភាសាទាំងអង់គ្លេស ឬភាសានៃប្រទេសដែលយើងចង់ទៅបន្តការសិក្សានោះ។ម្យ៉ាងវិញទៀត ចំពោះជំនាញដែលចាំបាច់ត្រូវសិក្សានោះក៏ចាំបាច់មានមូលដ្ឋានគ្រឹះផងដែរ ជាឧទាហរណ៍ប្រសិនបើគាត់ចូលចិត្តសេដ្ឋកិច្ច ចាំបាច់ត្រូវតែពូកែគណិតវិទ្យា ចំណេះទូទៅ និងភាសាបរទេស ហើយប្រសិនបើយើងចូលចិត្តផ្នែកផ្សេងៗទៀតចាំបាច់ត្រូវតែត្រៀមស្រាវជ្រាវឱ្យបានយល់ខ្លះៗពីវារួមទាំងមុខវិជ្ជាគោលដូចជាគណិតវិទ្យា រូបវិទ្យាឬគីមីជាដើម ដែលឆ្លើយតបនឹងមុខជំនាញនោះ។
លោកសាស្ត្រាចារ្យ គុណ វិជ្ជា បានមានប្រសាសន៍ថា ៖ “ចំណុចសំខាន់ដែលអាចធ្វើឱ្យយើងឆ្លងផុតដំណាក់កាលនៃការប្រកួតប្រជែងដើម្បីដណ្តើមបានអាហារូបករណ៍ទៅសិក្សានៅបរទេស គឺចាំបាច់ត្រូវមានព័ត៌មានឱ្យច្បាស់លាស់ពីអ្វីដែលគេត្រូវការ។ ចំណុចនេះមានន័យថា សិស្សត្រូវតែធ្វើការស្រាវជ្រាវតាមគ្រប់មធ្យោបាយទាំងក្នុងគេ-ហទំព័រ សួរអ្នកដែលធ្លាប់ប្រឡងមុនៗ ឬសាស្ត្រាចារ្យដើម្បីដឹងពីតម្រូវការ និងគំនិតខ្លះៗដើម្បីត្រៀមខ្លួនធ្វើឱ្យបានល្អគ្រប់យ៉ាង”។
សាស្រ្តាចារ្យខាងលើបានលើកឡើងផងដែរថាចំណុចសំខាន់មួយផ្សេងទៀត ដែលត្រូវត្រៀមសម្រាប់ប្រឡងទៅសិក្សានៅបរទេសគឺ ឯកសារដែលពាក់ព័ន្ធនឹងសាមីខ្លួន ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសំបុត្រកំណើត លិខិតបញ្ជាក់ពីពេទ្យជំនាញ លិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានជាដើម។ ឯកសារទាំងអស់នេះគួរធ្វើការបកប្រែជាភាសាអង់គ្លេសទុកឱ្យហើយ ព្រោះវាអាចធ្វើឱ្យយើងមានភាពងាយស្រួលក្នុងការរៀបចំឯកសារទៅតាមតម្រូវការ ព្រោះស្ថាប័នខ្លះទាមទារឱ្យរៀបចំឯកសារភ្លាមៗក្រោយពេលប្រឡងជាប់។ ម្យ៉ាងវិញទៀត សិស្សដែលចង់ទៅសិក្សានៅបរទេសគួរត្រៀមស្រាវជ្រាវ ឬសិក្សាពីប្រទេសនោះឱ្យបានល្អ ដោយរាប់បញ្ចូលទាំងវប្បធម៌ ភាសាភូមិសាស្ត្រ ប្រវត្តិសាស្រ្ត ឬចំណីអាហារជាដើម ដើម្បីងាយស្រួលសម្របខ្លួន ឬត្រៀមខ្លួនកុំឱ្យមានការលំបាកពេលទៅដល់កន្លែងសិក្សាជាក់ស្តែងព្រោះប្រសិនបើយើងមិនយល់ និងមិនដឹងពីរបៀបរបបទាំងអស់នោះទេ វាក៏អាចជះផលអវិជ្ជមានមកវិញផងដែរ។
អតីតនិស្សិតអាហារូបករណ៍នៅបរទេស កញ្ញា លឹម លីឆាយ បានលើកឡើងថា មុននឹងដាក់ពាក្យទៅសិក្សានៅបរទេស ចាំបាច់ត្រូវដឹងជាមុនសិនពីគោលបំណងដែលយើងចង់ទៅសិក្សា ព្រោះនៅពេលដែលយើងដឹងច្បាស់ហើយ យើងនឹងអាចត្រៀមខ្លួនបានល្អទាំងការសម្រួចចំណេះដឹង ការចំណាយពេលវេលាស្រាវជ្រាវ និងការរៀនត្រៀម។ តែទោះ ជាយ៉ាងនេះក្តីក៏គួរមើលពីមុខវិជ្ជាដែលយើងចង់សិក្សាផងដែរ ជាឧទាហរណ៍ប្រសិនបើយើងចង់សិក្សាផ្នែកបច្ចេកទេស វិស្វករ ឬជំនាញមួយចំនួនទៀតយើងគួរទៅសិក្សានៅបរទេស តែប្រសិនបើយើងចង់ក្លាយជាអ្នកធ្វើការងារក្នុងវិស័យសង្គមដូចជាច្បាប់ រដ្ឋបាលសាធារណៈ ឬការទូតជាដើមនោះ យើងគួរសិក្សាថ្នាក់បរិញ្ញាបត្រនៅកម្ពុជាសិនហើយសឹមបន្តការសិក្សាកម្រិតអនុបណ្ឌិត ឬកម្រិតវគ្គណាមួយនៅបរទេស។
កញ្ញា លឹម លីឆាយ បាននិយាយថា៖ “ជំនាញទាក់ទងនឹងសង្គម ដូចជាច្បាប់រដ្ឋបាលសាធារណៈ ឬសេដ្ឋកិច្ចជាដើម ជាជំនាញដែលត្រូវការមូលដ្ឋានគ្រឹះពីសង្គមកម្ពុជា ហេតុនេះគួរសិក្សាពីបរិបទក្នុងប្រទេសឱ្យបានល្អសិន មុននឹងទៅបន្តការសិក្សានៅបរទេស ព្រោះការសិក្សានៅបរទេស គឺគ្រាន់-តែអាចបន្ថែមនូវគំនិតអភិវឌ្ឍន៍មួយចំនួន ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៅក្នុងប្រទេសតែប៉ុណ្ណោះ”។
អ្នកសិក្សាខាងលើបានលើកឡើងផងដែរថា ចំពោះការសិក្សាត្រៀមក៏ត្រូវតែមានភាពវៃឆ្លាតផងដែរ ព្រោះប្រសិនបើយើងមិនដឹងពីវិធីសិក្សាទេយើងអាចចំណាយពេលវេលាច្រើនឥតប្រយោជន៍។ មានអ្នកខ្លះចំណាយពេលវេលារាប់ឆ្នាំដើម្បីសិក្សាពីភាសាអង់គ្លេសសម្រាប់ប្រើប្រាស់ទូទៅ តែស្ថានភាពជាក់ស្តែងនៃការប្រឡងអាហារូបករណ៍ ភាគច្រើនគឺផ្តោតលើជំនាញដែលយើងនឹងសិក្សា ហេតុនេះសិស្សគួរសម្រួច ឬស្វែងរកវគ្គណាដែលត្រូវសម្រាប់ការប្រឡងទើបជាការល្អជាង។ សិស្សអាចចំណាយពេលវេលាតិច តែចំគោលដៅ និងមានពេលគ្រប់គ្រាន់សម្រាប់ត្រៀមលើផ្នែកផ្សេងទៀត៕