ទោះបីបច្ចុប្បន្នកញ្ញា នីតា វរវង្ស កំពុងតែទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងក៏ដោយក៏តារាសម្ដែងរូបនេះ ហាក់មិនទាន់សប្បាយចិត្ដនូវអ្វី ដែលនាងកំពុងទទួលបាននៅឡើយ។ ពោលគឺនាងចង់ភ្លក្សរសជាតិការសម្ដែងឈុតឆាកស្នេហាម្ដង។ ដោយសារតែសម្លឹងឃើញទីផ្សារសម្ដែងឈុតឆាកស្នេហា និងសិចស៊ីកំពុងតែមានភាពធំទូលាយ។
ពិសេសតារាសិល្បៈដែលចាប់យកការសម្ដែងបែបសិចស៊ីច្រើនតែទទួលបានការគាំទ្រលឿនលើសពីការរំពឹងទុករបស់ពួកគេ ទើបធ្វើឱ្យតារាសម្ដែងឈានចូលវ័យ 23ឆ្នាំរូបនេះហាក់ស្ដាយឱកាសទាំងនេះ និងកំពុងតែជ្រួលច្រាលចិត្ដចង់សាកល្បងគ្រាដែលយល់ថា រូបនាងនៅក្មេងនៅឡើយ។
នីតា វរង្ស បញ្ជាក់ថា៖ ”ពិតជាគួរឱ្យស្ដាយណាស់ ព្រោះកន្លងមកដោយសារតែគិតថា ខ្លួននៅក្មេងពេក ខ្លាចមិនសមភ្នែកមហាជនទើបខ្ញុំច្រានចោលឱកាសតួឯកស្រីប្រហែលជា 3 រឿងដែលអ្នកដឹកនាំតម្រូវឱ្យខ្ញុំសម្ដែងឈុតសិចស៊ី និងឈុតស្នេហាជាមួយតួប្រុស”។ នាងបន្ដថា នៅពេលនោះបើទោះជានាងបានឆ្លងកាត់ការសម្ដែងជាច្រើនរឿងហើយក្ដី ក៏នាងនៅតែអៀនខ្មាសគ្រាដែលអ្នកដឹកនាំរឿងសួរនាំពីបញ្ហានោះ។
ពាក់ព័ន្ធនឹងការសម្ដែងឈុតឆាកសិចស៊ីបញ្ចេញសាច់លេចលើ លេចក្រោម កន្លងមកមិត្ដភ័ក្ដិក្នុងសិល្បៈរបស់នាងមួយចំនួនបានលើកឡើងថា រូបរាង និងមុខមាត់របស់នាងបែបហ្នឹងប្រសិនបើនាងហ៊ានសម្ដែងបែបសិចស៊ីខ្លះ គេរំពឹងថានាងនឹងទទួលបានការគាំទ្រច្រើនពីមហាជន ខណៈដែលបច្ចុប្បន្នតារាសិល្បៈខ្មែរមានរូបសម្រស់ស្រស់ស្អាត និងនៅក្មេងសាច់សខ្ចីបែបនេះ ពុំសូវមានអ្នកមានចិត្ដក្លាហានទទួលយកការសម្ដែងអ៊ីចឹងៗឡើយ។
ទោះជាយ៉ាងណាតារាសម្ដែងរូបនេះបានបង្ហាញពីឆន្ទៈរបស់ខ្លួនថា ៖”ខ្ញុំហ៊ាននិយាយ ខ្ញុំនឹងធ្វើឱ្យបានប្រសិនបើមានឱកាស ខ្ញុំនឹងមិនលែងវាឱ្យរបូតចេញពីដៃរបស់ខ្ញុំម្ដងទៀតឡើយ ព្រោះក្នុងនាមជាតារាសម្ដែងខ្ញុំត្រូវតែភ្លក្សនូវរសជាតិនៃការសម្ដែងឱ្យបានគ្រប់ទម្រង់ ទើបយើងអាចដឹងថា ការសម្ដែងក្នុងតួអង្គនីមួយៗវាមានលក្ខណៈខុសគ្នាបែបណា? តែយ៉ាងណា ក៏ខ្ញុំរំពឹងថាការសម្រេចចិត្ដរបស់ខ្ញុំនឹងមិនធ្វើឱ្យប៉ះពាល់ដល់សង្គមទេ”។
ជាមួយគ្នានេះនីតា វរង្ស រំពឹងថា នាងនឹងអាចទទួលបានការសម្ដែងបែបនេះក្នុងពេលឆាប់ៗខាងមុខជាក់ជាមិនខាន គ្រាដែលថ្មីៗនេះមានដំណឹងល្ហៀងៗមកថា មានផលិតកម្មមួយចំនួនចង់បាននាងទៅសម្ដែង៕