ក្រុមបិសាចក្រហម Manchester United នឹងវិលទៅកាន់ក្របខ័ណ្ឌកំពូលអឺរ៉ុបវិញនៅរដូវកាលក្រោយ បន្ទាប់ពីបានផ្តួលក្រុម Ajax Amsterdam របស់ហូឡង់ ក្នុងលទ្ធផល ២-០ ដើម្បីឈ្នះពាន Europa League កាលពីថ្ងៃពុធ។
ខ្សែបម្រើដ៏មានឥទ្ធិពល Paul Pogba បានរកគ្រាប់បាល់បើកឆាកយ៉ាងល្អ មុនពេលខ្សែបម្រើ Henrikh Mkhitaryan បានស៊ុតបាល់បកថយក្រោយដើម្បីជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក៏ដូចជាឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ដែរ។ ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ នៅលើតារាងនៃក្របខ័ណ្ឌ Premier League លោក Jose Mourinho បានឱ្យដឹងថា ការទទួលជ័យជម្នះនេះនឹងក្លាយជាមធ្យោបាយតែមួយគត់សម្រាប់ឱ្យក្រុមរបស់លោកឈានទៅប្រកួតក្នុងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប នារដូវកាលក្រោយ។
ក្រោយពីបានធ្វើការស្មឹងស្មាធិ៍រយៈពេល១នាទីនៅមុនពេលការប្រកួតចាប់ផ្តើមដើម្បីរំឭកដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មនៅទីក្រុង Manchester រួចមក ខ្សែបម្រើ Pogba បានតបស្នងចំពោះការផ្ទេរមកក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោករបស់គេ ដោយបានស៊ុតបាល់បំប៉ោងសំណាញ់ទីនៅនាទីទី១៨។ Man United បានរក្សាការនាំមុខរបស់ខ្លួនរហូតដល់បញ្ចប់ការប្រកួតតង់ទី១ មុនពេល Mkhitaryan បានបន្ថែមការនាំមុខរបស់ក្រុមខ្លួនភ្លាមៗ ក្រោយពីលេងបានត្រឹមតែប៉ុន្មាននាទីនៃតង់ទី២ ដើម្បីបំពេញការទទួលជ័យជម្នះយ៉ាងកក់ក្តៅសម្រាប់ក្រុមខ្លួនតែម្តង។ Pogba បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «ទីបំផុត យើងធ្វើបានសម្រេចហើយ យើងពិតជាមានមោទនភាពណាស់ គ្មាននរណាអាចរិះគន់បានឡើយ។ ពួកគេបាននិយាយថា យើងបានជួបរដូវកាលដ៏អន់មួយ ប៉ុន្តែយើងបានឈ្នះពាន៣ ក្នុងនោះរាប់បញ្ចូលទាំងពាន Community Shield ផងដែរ»។
ខ្សែបម្រើអន្តរជាតិបារាំងរូបនេះបានបន្ថែមទៀតថា៖ «ការចាប់ផ្តើមពិតជាសំខាន់ណាស់ ហើយក្រោយពីគ្រាប់បាល់ជោគជ័យទាំង២គ្រាប់នោះ យើងបានគ្រប់គ្រងការប្រកួតនេះទាំងស្រុង។ គ្រប់គ្នាក្នុងក្រុមនេះបានបង្ហាញពីទម្រង់លេងយ៉ាងល្អ»៕
ប្រភពពី៖ The Sun