Skip to content

Strootman នឹងចេញពីក្លិប Roma ទៅចូល​រួម​ជាមួយ​ក្លិប Marseille

ខ្សែ​បម្រើ​អន្តរ​ជាតិ​ហូ​ឡង់ Kevin Strootman ពី​ក្លិប Roma បាន​ចូល​រួម​ជាមួយនឹង​ក្លិប Marseille ក្នុង​តម្លៃខ្លួន​ 25លាន​អឺ​រ៉ូ (ស្មើនឹង​ 29លានដុល្លារ​អាមេរិក)​។

កីឡាករ​វ័យ​ 28ឆ្នាំ​រូបនេះបាន​​លេង​ក្នុងការ​ប្រកួត​ 44លើក ​កាលពី​រដូវ​កាល​មុន ខណៈ​ដែលក្រុម Roma បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​3 ​នៅ​លើ​តារាងក្រប​ខ័ណ្ឌ Serie A និង​បាន​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ Champions League​។ ក្លិប Marseille បានប្រកាស​ពីការ​ចុះហត្ថលេខា​នេះតាម​រយៈ​ការ​បង្ហោះ​វី​ដេអូ​ផងដែរ​។ ក្លិប  Roma​ បាន​ឱ្យ​ដឹង​ថា៖ «ក្លិបនេះ សូម​ថ្លែង​អំណរ​គុណ​ដល់ Kevin សម្រាប់​សេវា​កម្ម​របស់​គេ​ក្នុង​រយៈពេល​ជាច្រើនឆ្នាំមក​នេះ និង​សូម​ជូនពរ​ឱ្យ​រូប​​គេ​ជួប​តែ​សំណាង​ល្អ​ទៅថ្ងៃ​អនាគត​»​។ Strootman បាន​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Rudi Garcia ដែល​ជា​គ្រូបង្វឹក​របស់ Marseille នា​ពេល​បច្ចុប្បន្ន នៅពេល​ដែល​រូបគេ​បាន​ចូល​រួម​ជា​មួយ​នឹង​ក្លិប Roma ពីក្លិប PSV Eindhoven កាលពីឆ្នាំ​2013​។ រូប​គេគឺ​ជាកីឡាករ​​​ឆ្នើម​ទី​3 ​ក្នុងការ​ចាក​ចេញពី Roma នៅ​រដូវក្តៅនេះ ក្រោយពី​អ្នក​ចាំ​ទី​អន្តរ​ជាតិ​ប្រេស៊ីល Alisson ​បាន​ចូល​រួម​ជាមួយ​នឹងក្លិប Liverpool ហើយ​ខ្សែ​បម្រើ RadjaNainggolan បានចូល​​រួម​ជាមួយ​នឹងក្លិប Inter Milan​។

រូប​គេ​បាន​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​ចំនួន​ 41លើក​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ បើ​ទោះ​បី​​បញ្ហា​របួស​ 2លើក​បាន​រំខាន​ដល់​ពេល​វេលា​របស់​គេនៅឯ​ក្លិប Roma និង​បាន​ធ្វើ​ឱ្យរូប​គេ​អវត្តមាន​ក្នុង​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​2014 ក៏ដោយ​។ ការ​ចុះហត្ថលេខា​ជាមួយ​នឹង Strootman នឹង​ជួយ​ឱ្យ​ក្លិប Marseille បំពេញកន្លែង​ទំនេរ​ដែល​ត្រូវ​បាន​ចាក​ចេញ​ដោយ​ខ្សែ​បម្រើ​អន្តរ​ជាតិ​កាមេរូន Andre-Frank ZamboAnguissa ដែល​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្លិប Fulham កាល​ពី​ដើម​ខែ​នេះ សម្រាប់​តម្លៃខ្លួន​ 30​លាន​អឺ​រ៉ូ​៕

ប្រភព​​ពី៖ BBC

Leave a Reply

Your email address will not be published. Required fields are marked *