ព្រឹត្តិការណ៍ World Cup បានផ្អាកការប្រកួតកាលពីថ្ងៃពុធ ខណៈដែលក្រុមដែលនៅតែមានវត្តមានចំនួន 8ក្រុម ត្រៀមសម្រាប់ការប្រកួតវគ្គ1/4ផ្តាច់ព្រ័ត្រ ក្រោយពីអង់គ្លេស បានក្លាយជាក្រុមចុងក្រោយគេ ក្នុងការឈ្នះសិទ្ធិទៅវគ្គបន្ត ក្រោយពីការយកឈ្នះដោយការស៊ុតបាល់ប៉េណាល់ទី លើក្រុមជម្រើសជាតិកូឡុំប៊ី។
ក្រុមជម្រើសជាតិប្រេស៊ីល របស់តារាឆ្នើម Neymar គឺជាក្រុមមានក្តីសង្ឃឹមច្រើនជាងគេក្នុងការលើកពាន World Cup ជាលើកទី6 របស់ពួកគេនាកីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូ នាថ្ងៃទី15 ខែកក្កដា ប៉ុន្តែ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បែលហ្ស៊ិក និងអ៊ុយរូហ្គាយ នឹងក្លាយជាឧបសគ្គរបស់ពួកគេ ក្នុងការប្រជែងយកកៅអីទៅវគ្គផ្តាច់ព្រ័ត្រ។
ក្រុមជម្រើសជាតិអង់គ្លេសរបស់លោក Gareth Southgate គឺជាអតីតម្ចាស់ជើងឯកតែមួយដែលស្ថិតក្នុងបណ្តុំនៃការចាប់ឆ្នោតមួយទៀត រួមជាមួយនឹងក្រុមម្ចាស់ផ្ទះរុស្ស៊ី ក្រូអាស៊ី និងស៊ុយអែត។ ការដណ្តើមបានជ័យជម្នះរបស់អង់គ្លេស លើក្រុមជម្រើសជាតិកូឡុំប៊ី កាលពីថ្ងៃអង្គារ បានធ្វើឱ្យក្រុមរបស់លោក Southgate ត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត ដែលបានទម្លាក់ក្រុមជម្រើសជាតិស្វ៊ីស ក្នុងលទ្ធផល 1-០ ក្នុងវគ្គ 16ក្រុមចុងក្រោយ។
លោក Southgate បានបញ្ជាក់ថា លោកបានផ្តោតអារម្មណ៍រួចជាស្រេចចំពោះការប្រកួតវគ្គ 8ក្រុមចុងក្រោយនៅថ្ងៃសៅរ៍នេះ ជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីស ក្នុងទីក្រុង Samara ដើម្បីប្រជែងយកកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពោលគឺដើម្បីជួបជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី ឬរុស្ស៊ី។
លោក Southgate ដែលការស៊ុតបាល់ប៉េណាល់មិនចូលទីផ្ទាល់របស់លោក បានធ្វើឱ្យអង់គ្លេស ចាញ់ក្រុមអាល្លឺម៉ង់ ក្នុងវគ្គ1/2ផ្តាច់ព្រ័ត្រ ក្នុង Euro ឆ្នាំ1996 នាកីឡដ្ឋាន Wembley នោះ បានឱ្យដឹងថា៖ «នេះពិតជាពិសេសណាស់ ប៉ុន្តែ ខ្ញុំចង់ឱ្យយើងបន្តដំណើរទៅមុខ»៕
ប្រភពពី៖ Channel News Asia