ការស៊ុតបាល់ប្លាត 1គ្រាប់ពីសំណាក់ខ្សែបម្រើ Emil Forsberg បានជួយឱ្យក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 1-០ លើក្រុមជ្រើសជាតិស្វ៊ីស ក្នុងការប្រកួតវគ្គ 16ក្រុមចុងក្រោយកាលពីថ្ងៃអង្គារ ខណៈដែលជ័យជម្នះនេះ បានជួយឱ្យពួកគេឈានទៅប្រកួត World Cup វគ្គ8ក្រុមចុងក្រោយ ជាលើកទី1 ក្នុងរយៈពេល 24ឆ្នាំ។
ការជួបជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស កំពុងតែរង់ចាំក្រុមរបស់លោក JanneAndersson នៅវគ្គបន្ទាប់ នៅថ្ងៃសៅរ៍ ខាងមុខនេះ។ ខ្សែការពារអន្តរជាតិស្វ៊ីស Michael Lang បានរងពិន័យកាតក្រហម នៅពេលជិតបញ្ចប់ការប្រកួត សម្រាប់ការរុញកីឡាករ Martin Olsson ហើយលោកអាជ្ញាកណ្តាល DamirSkomina បានលុបចោលការផ្តល់ការពិន័យប៉េណាល់ទី ទៅជាការស៊ុតបាល់ពិន័យ Free-kick នៅក្បែរប្រអប់គ្រោះថ្នាក់។
ប៉ុន្តែ ការប្រកួតនេះ បានកាត់សេចក្តីរួចស្រេចទៅហើយ។ គ្រាប់បាល់បញ្ចូលទីក្នុងតង់ទី2 របស់ Forsberg ដែលបានប្លាតចេញពីខ្សែការពារ Manuel Akanji មានន័យថា ក្រុមជម្រើសជាតិស៊ុយអែត នឹងត្រូវឈានទៅវគ្គ 8ក្រុមចុងក្រោយនៃ World Cup ជាលើកទី1 ចាប់តាំងពីឆ្នាំ1994 នៅសហរដ្ឋអាមេរិក។
លោក Andersson គ្រូបង្វឹកនៃក្រុមជម្រើសជាតិស៊ុយអែត បានឱ្យដឹងថា៖ «វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងការឈរនៅលើទីលានប្រកួត ដោយឮអ្នកគាំទ្រហៅឈ្មោះរបស់ខ្ញុំ ប៉ុន្តែ កីឡាបាល់ទាត់ គឺជាកីឡាជាក្រុម ហើយក្រុមនេះគឺជាតួអង្គនោះ។ យើងទាំងអស់គ្នា ខិតខំព្យាយាមយ៉ាងខ្លាំងទាំងនៅក្នុង និងក្រៅទីលាន»៕
ប្រភពពី៖ Channel News Asia