ពីមួយថ្ងៃទៅមួយថ្ងៃ ក្រសួងអប់រំ យុវជន និងកីឡា បានព្យាយាមជំរុញឱ្យសិស្សកាន់តែមានភាពងាយស្រួលក្នុងការសិក្សា តាមរយៈការបង្កើតក្លិបសិក្សា បង្ហាញការបង្រៀនតាមវីដេអូ បង្កើតសាលាធនធានសិក្សានៅតាមខេត្ត និងចែករំលែកឯកសារនៅក្នុងបណ្តាញសង្គមជាដើម។ នាពេលថ្មីៗនេះ ក្រសួងបានបោះមួយជំហានកាន់តែធំថែមទៀត តាមរយៈការបង្កើតជា Mobile Apps ដើម្បីឱ្យសិស្សកាន់តែមានភាពងាយស្រួលសិក្សា ហើយស្វែងយល់បានកាន់តែច្បាស់។
ដោយមើលឃើញពីភាពបត់បែននៃពិភពលោកក្នុងសម័យបច្ចេកវិទ្យា ស្របពេលដែលសិស្សជាច្រើននៅកម្ពុជាមាន Smart Phone ប្រើប្រាស់ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីទូរស័ព្ទដៃមួយដែលមានឈ្មោះថា MoEYS App Scan ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា AR (Argument Reality) ដែលអាចផ្តល់ការពន្យល់ជារូបភាព និងវីដេអូដែលមានចលនានៅលើរូបភាព ដោយសិស្សគ្រាន់តែ Scan លើរូបភាពដែលមានក្នុងកម្មវិធីសិក្សាគោលរបស់ក្រសួង។ កម្មវិធីនេះ ជំរុញឱ្យកាន់តែមានភាពងាយស្រួលដល់សិស្ស និងទាក់ទាញឱ្យមានភាពរីករាយក្នុងការសិក្សានៅកម្រិតមធ្យមសិក្សា ហើយថែមទាំងអាចជួយគ្រូបង្រៀនក៏ងាយស្រួលក្នុងការចាប់ចំណុចសំខាន់ៗពីកម្មវិធីដ៏មានសារៈសំខាន់ទាំងអស់នោះ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម រស់ សាលីន បានលើកឡើងថា បន្ទាប់ពីសិស្សដែលប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំកន្លងទៅ ចាប់អារម្មណ៍ និងប្រើប្រាស់ច្រើនលើប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពសិស្សថ្នាក់ទី12 រួចមក ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំ បានជំរុញឱ្យបន្តស្វែងរកបច្ចកវិទ្យាថ្មីៗដើម្បីសម្រួលដល់ការសិក្សា។ កម្មវិធីនេះនឹងជួយជំរុញបន្ថែមឱ្យសិ្សកាន់តែមានភាពងាយស្រួលក្នុងការស្វែងរក ព្រមទាំងអាចសិក្សាបានដោយខ្លួនឯង បន្ទាប់ពីមានមូលដ្ឋានខ្លះៗក្នុងការសិក្សាជាមួយគ្រូនៅសាលារៀនរួចមក។
ឯកឧត្តម រស់ សាលីន បាននិយាយថា៖ “ជាបឋមកម្មវិធីនេះអាចមានវីដេអូចំនួន 30មេរៀន ដែលមួយមុខវិជ្ជាមានចំនួន 10មេរៀន លើមុខវិជ្ជា3 គឺ រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា”។
បើតាមការបញ្ជាក់ជាផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា កម្មវិធី MoEYS App Sacan ក៏មានដាក់បញ្ចូលកម្មវិធី ធ្វើតេស្តសាកល្បងសមត្ថភាពសម្រាប់សិស្សថ្នាក់ទី12លើមុខវិជ្ជាចំនួន5 រួមមាន គណិតវិទ្យា រូបវិទ្យាគីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា។ ប្រព័ន្ធតេស្តសមត្ថភាព និងពង្រឹងសមត្ថភាពសិស្សថ្នាក់ទី12លើមុខវិជ្ជាចំនួន5 រួមមាន គណិតវិទ្យាមាន 214លំហាត់ គីមីវិទ្យាមាន 357លំហាត់ ជីវវិទ្យាមាន 265លំហាត់ រូបវិទ្យាមាន 95លំហាត់ និងប្រវត្តិវិទ្យាមានចំនួន 138សំណួរ។ កម្មវិធីនេះអាចដំណើរការបានជាមួយនឹងបណ្តាញ Android និងប្រព័ន្ធ iOS ផងដែរ៕